ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយកាលពីយប់ថ្ងៃពុធ (១៧ ធ្នូ) ថា រដ្ឋាភិបាលសហព័ន្ធ មានការទទួលខុសត្រូវ ចំពោះការប៉ះទង្គិចដ៏អាក្រក់មួយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ រវាងឧទ្ធម្ភាគចក្រកងទ័ព Black Hawk និងយន្តហោះក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបានសម្លាប់មនុស្ស ៦៧នាក់ នៅជិតអាកាសយានដ្ឋានជាតិ Reagan ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ការទទួលស្គាល់កំហុសនេះជាការឆ្លើយតបផ្លូវការចំពោះបណ្តឹងដំបូង ដែលដាក់ដោយក្រុមគ្រួសារជនរងគ្រោះ ដោយសារភាពថា រដ្ឋាភិបាលទទួលខុសត្រូវដោយផ្នែកចំពោះគ្រោះថ្នាក់នេះ ដោយសារតែអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបំពាននីតិវិធីក្នុងយប់គ្រោះថ្នាក់។ លើសពីនេះ ឯកសារក៏បានទទួលស្គាល់ថា អាកាសយានិកនៃឧទ្ធម្ភាគចក្រកងទ័ព និងយន្តហោះដឹកអ្នកដំណើរនោះ «បានបរាជ័យក្នុងការរក្សាការប្រុងប្រយ័ត្ន ដើម្បីមើលឃើញនិងជៀសគ្នាទៅវិញទៅមក»។
គួររម្លឹកថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលមានអ្នកដំណើរ ៦០នាក់ និងបុគ្គលិក ៤នាក់នៅលើនោះ បានបុកជាមួយឧទ្ធម្ភាគចក្រកងទ័ពមួយគ្រឿងដែលមានសមាជិក ៣នាក់ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan ជិតទីក្រុងវ៉ាស៊ីនតោន។
មនុស្សសរុបទាំង ៦៧នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ ដែលធ្វើឱ្យសោកនាដកម្មនោះ ក្លាយជាឧប្បត្តិហេតុអាកាសចរណ៍អាក្រក់បំផុតនៅលើទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១ មក។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងចេញរបាយការណ៍របស់ខ្លួនស្តីពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅដើមឆ្នាំ២០២៦ ខាងមុខ៕


