ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២៥ លាននាក់ បានចូលសហរដ្ឋអាមេរិក មុនពេលលោកចូលកាន់តំណែង។
លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធថា៖«ព្រំដែនរបស់យើងត្រូវបានបើកចំហ ហើយដោយសារតែរឿងនេះ ប្រទេសរបស់យើងកំពុងត្រូវបានលុកលុយដោយក្រុមនៃមនុស្សចំនួន ២៥ លាននាក់ ដែលភាគច្រើនមកពីមន្ទីរឃុំឃាំងនិងពន្ធនាគារ ស្ថាប័នព្យាបាលជំងឺផ្លូវចិត្ត និងមណ្ឌលថែទាំអ្នកមានជំងឺផ្លូវចិត្ត»។

លោកបានបន្ថែមថា៖«មានអ្នកជួញដូរគ្រឿងញៀន សមាជិកក្រុមជនអន្ធពាល និង ឃាតករចំនួន ១១.៨៨៨នាក់ ដែលជាង ៥០% នៃពួកគេបានសម្លាប់មនុស្សច្រើនជាងម្នាក់។ នេះគឺជាអ្វីដែលរដ្ឋ បាលលោក ចូ បៃដិន អនុញ្ញាតឲ្យកើតឡើងចំពោះប្រទេសរបស់យើង ហើយករណីបែបនេះ មិនអាចបណ្តោយឲ្យកើតឡើងម្តងទៀតបានទេ»៕
