សមាជិកអង្គការណាតូ បានឯកភាពលើថវិការួមរបស់ពួកគេសម្រាប់ឆ្នាំ២០២៦ ដោយអនុម័តនូវការបង្កើនយ៉ាងច្រើនលើការចំណាយ ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួន និងសមត្ថភាពយោធារបស់សម្ព័ន្ធយោធាលោកខាងលិចមួយនេះ។
ក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថវិកាស៊ីវិលរបស់ណាតូ សម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់នៅ ៥២៨,២ លានអឺរ៉ូ (ប្រមាណ ៦២៣ លានដុល្លារ) ខណៈដែលថវិកាយោធា នឹងមានចំនួនសរុប ២,៤២ ពាន់លានអឺរ៉ូ។
អង្គការណាតូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកាឆ្នាំ២០២៦ ដែលផ្តល់មូលនិធិរួមគ្នានេះ នឹងគាំទ្រដល់សមត្ថភាពសំខាន់ៗ និងលើកកម្ពស់ការត្រៀមខ្លួន ដោយជួយធ្វើឱ្យសម្ព័ន្ធយោធា «កាន់តែរឹងមាំ កាន់តែយុត្តិធម៌ និងកាន់តែកាចសាហាវ»។

សេចក្តីថ្លែងការណ៍បន្តថា ថវិកានេះនឹងរួមចំណែកដល់ការសម្របខ្លួនផ្នែកយោធារបស់ណាតូ កែលម្អអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងសម្ព័ន្ធមិត្ត និងគាំទ្រដល់ការទប់ស្កាត់ និងការគ្រប់គ្រងវិបត្តិ ក៏ដូចជាសន្តិសុខសហប្រតិបត្តិការផងដែរ។
ជាមួយគ្នានេះ ការផ្តល់មូលនិធិក៏នឹងបន្ត សម្រាប់រចនាសម្ព័ន្ធបញ្ជាការរួមរបស់ណាតូ ការបណ្តុះបណ្តាល និងការហ្វឹកហ្វឺនដឹកនាំដោយណាតូ ប្រតិបត្តិការ និងបេសកកម្មរបស់សម្ព័ន្ធមិត្ត និងការគាំទ្រដើម្បីកសាងសមត្ថភាពសម្រាប់ប្រទេសដៃគូជាដើម៕

