រដ្ឋាភិបាលយោធារបស់សហភាពមីយ៉ាន់ម៉ា បានចោទប្រកាន់ផ្លូវច្បាប់លើមនុស្សជាង ២០០នាក់ ពីបទរំលោភបំពានច្បាប់បោះឆ្នោតរបស់ប្រទេសនេះ ខណៈការបោះឆ្នោតសកលខិតជិតមកដល់នៅចុងខែធ្នូ ខាងមុខ ដោយរក្សាសម្ពាធលើអ្នកដែលជំទាស់នឹងការបោះឆ្នោត។
ក្រោមច្បាប់បោះឆ្នោតដែលអនុម័តក្រោមរបបសឹក ការដាក់ទណ្ឌកម្មចំពោះការជំទាស់ ឬរំខានដល់ការបោះឆ្នោតនេះ មានភាពធ្ងន់ធ្ងរខ្លាំង ដូចជាទោសប្រហារជីវិតជាដើម។
កាសែត Myanma Alinn គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា មន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា អាជ្ញាធរបានកំណត់អត្តសញ្ញាណ និងចាត់វិធានការប្រឆាំងនឹងមនុស្សចំនួន ២២៩នាក់ ក្នុងសំណុំរឿងប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតចំនួន ១៤០ករណី។

គួរឱ្យដឹងថា មីយ៉ាន់ម៉ា បានធ្លាក់ក្នុងវិបត្តិ នៅពេលយោធាក្នុងឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដោយបង្កឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយនិងវិវត្តទៅជាសង្គ្រាមស៊ីវិល ដែលបង្កភាពស្មុគស្មាញដល់ការបោះឆ្នោត ក្នុងតំបន់ជម្លោះជាច្រើន។ នេះជាហេតុផលមួយ ដែលការបោះឆ្នោតមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងជា ៣ដំណាក់កាល ពោលគឺ ដំណាក់កាលទីមួយចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ ដំណាក់កាលទីពីរនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ និងដំណាក់កាលទី៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំក្រោយដដែលនេះ៕

