ប្រមុខទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៧ ធ្នូ) ថា មនុស្សជាង ១.៦០០នាក់ ត្រូវបានសម្លាប់ គិតរហូតមកទល់ពេលនេះនៅឆ្នាំ២០២៥ នេះ ក្នុងការវាយប្រហារឥតឈប់ឈរលើមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងមណ្ឌលថែទាំសុខភាព នៅប្រទេសស៊ូដង់ ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ទីភ្នាក់ងារនេះបានកត់ត្រានូវការវាយប្រហារ ៦៥លើក លើមណ្ឌលសុខភាពនៅស៊ូដង់ ចាប់តាំងពីខែមករា ដើមឆ្នាំនេះមក ហើយការវាយប្រហារនោះក៏ធ្វើឱ្យមនុស្សជិត ៣០០នាក់ របួសផងដែរ។

ការវាយប្រហារថ្មីៗបំផុតគឺការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន លើមន្ទីរពេទ្យយោធាមួយក្នុងទីក្រុង Diling នៃខេត្តកូដូហ្វានខាងត្បូង ដែលក្នុងប៉ុន្មានខែថ្មីៗនេះ បានក្លាយជាចំណុចក្តៅគគុកមួយ ក្នុងការប្រយុទ្ធរវាងយោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF។ បណ្ដាញគ្រូពេទ្យស៊ូដង់ ដែលជាក្រុមអ្នកជំនាញវេជ្ជសាស្ត្រតាមដានសង្គ្រាម បានស្តីបន្ទោសកងកម្លាំងប៉ារ៉ា ចំពោះការវាយប្រហារនេះ។
គួរបញ្ជាក់ថា ស៊ូដង់ បានធ្លាក់ក្នុងភាពវឹកវរនៅក្នុងខែមេសា ឆ្នាំ២០២៣ នៅពេលការតស៊ូដណ្តើមអំណាចរវាងយោធាជាតិ និងយោធាប៉ារ៉ា RSF បានផ្ទុះឡើងទៅជាការប្រយុទ្ធគ្នាជាសាធារណៈក្នុងរដ្ឋធានីខាទុំ និងកន្លែងផ្សេងទៀតទូទាំងប្រទេស។ យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមដ៏បង្ហូរឈាម ដែលឥឡូវនេះចូលដល់ឆ្នាំទី៣ហើយ បានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ និងបង្កជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតក្នុងពិភពលោក៕

