រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដណ្តើមបានទីតាំងលំនៅមួយកន្លែងទៀតនៅក្នុងតំបន់ Dnipropetrovsk ខណៈអ៊ុយក្រែននៅថ្ងៃដដែលនោះ បានរាយការណ៍ពីការប៉ះទង្គិចគ្នាចំនួន ៨៧ លើកនៅសមរភូមិមុខ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយថា ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ អង្គភាពនៃកងកម្លាំងភាគខាងកើតរបស់ខ្លួនបានគ្រប់គ្រងទីតាំងលំនៅ Gerasimovka ក្នុងតំបន់ Dnipropetrovsk និងបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែនដែលត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា មជ្ឈមណ្ឌលដំឡើងនិងសាកល្បងយានដ្រូន និងរោងចក្រសម្រាប់ដំឡើងយានដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ។
ក្រសួងបាននិយាយថា កងកម្លាំងការពារដែនអាកាសរុស្ស៊ីក៏បានស្ទាក់ចាប់និងបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន១៨០គ្រឿង។ ទន្ទឹមនឹងនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃពុធម្សិលមិញ កងទ័ពអ៊ុយក្រែនបានជួបប្រយុទ្ធ៨៧លើក ជាមួយកងកម្លាំងរុស្ស៊ីនៅទូទាំងគោលដៅចំនួន៦កន្លែង ដោយការប្រយុទ្ធគ្នាខ្លាំងបំផុតនៅតែបន្តនៅគោលដៅ Pokrovsk។
ភាគីអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយរុញច្រានការវាយលុករបស់រុស្ស៊ីជាច្រើនលើក និងបានធ្វើការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅតំបន់ Slavyansk របស់រុស្ស៊ី។
