ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ធ្វើការពិចារណាចំពោះការឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីសាសនា និងពិធីជប់លៀងផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដែលមានលក្ខណៈប្រមូលផ្តុំគ្នាច្រើន លើកលែងតែបុណ្យសព រដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានសម្រេចឲ្យមានការផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតចូល ក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី-ខេត្ត២៥ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានី-ខេត្តទាំងអស់ បានឲ្យថា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ រដ្ឋបាលរាជធានីខេត្តទាំអស់ បានអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមអនុវត្តដោយស្មារតីយោគយល់ អាធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដែលស្របទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ បានអំពាវនាវឲ្យបងប្អូនត្រូវ«ផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំ សិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈនៅក្នុងរាជធានី-ខេត្តនោះ»។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី-ខេត្តដដែល បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍ បែបប្រពៃណីក្នុងរង្វង់មូលគ្រួសារ និងពិធីបុណ្យសព ដែលពុំអាចលើកពេលបាន ម្ចាស់កម្មវិធីត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ជាមួយនឹងការ-អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ«៣ការពារ និង៣កុំ»របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានព្រមានក្នុងករណីប្រសិនបើម្ចាស់កម្មវិធីណា មួយមិនចូលរួមសហការ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចុះបិទកម្មវិធីនោះជាបន្ទាន់ ដោយមិនទទួលខុសត្រូវរាល់ការខាតបង់ឡើង ហើយមួយវិញទៀត ត្រូវចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបំពាន និងមិនព្រមផ្តល់កិច្ចសហការ ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ តាមខ្លឹមសារដូចដែលបានជួនដំណឹងនេះផងដែរ។
តាមរយៈសេចក្តីជូនដំណឹងនេះដែរ រដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ត្រូវចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវផងដែរ៕