ប្រដាល់៖ អតីតកីឡាករប្រដាល់ជើងឯកទម្ងន់ធ្ងន់ពិភពលោក Wladimir Klitschko បាននិយាយថា "ខ្ញុំជាជនជាតិអ៊ុយក្រែន ហើយខ្ញុំជាអ្នកប្រយុទ្ធ" នៅពេលត្រូវបានសួរអំពីថា តើគាត់នឹងចូលរួមក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់យោធារុស្ស៊ី លើប្រទេសរបស់គាត់ដែរឬទេ។

នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងនៅសាលាក្រុង Kyiv, Wladimir Klitschko បានបង្ហើបថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធសម្រាប់អ៊ុយក្រែនប្រសិនបើចាំបាច់។ ចំពេលមានភាពតានតឹងកើនឡើង អ៊ុយក្រែនបានប្រកាសថានឹងមានការចរចាមួយជាមួយរុស្ស៊ី។ Klitschko ក៏បានពណ៌នាអំពីបទពិសោធន៍ "ចំលែក" នៃការរស់នៅក្នុងទីក្រុងរបស់គាត់ នៅពេលដែលគ្រាប់បែកបានធ្លាក់ចុះដូចទឹកភ្លៀង តាមរយៈសង្គ្រាម ៥ថ្ងៃចាប់តាំងពីរុស្ស៊ីរបស់ ពូទីន បានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។
បច្ចុប្បន្នវ័យ ៤៥ឆ្នាំ Wladimir Klitschko ធ្លាប់គ្រប់គ្រងខ្សែក្រវាត់ប្រដាល់ពិភពលោកក្របខណ្ឌ WBA, IBF, WBO និង IBO។ នៅឆ្នាំ២០១៧ Klitschko បានប្រកាសពីការចូលនិវត្តន៍ពីអាជីពរបស់ខ្លួន ជាមួយនឹងស្ថិតិប្រកួត ៦៩លើក ឈ្នះ ៦៤ ផ្តួលគូប្រកួតនៅលើសង្វៀន ៥៣លើក។ Wladimir Klitschko គឺប្អូនប្រុសបង្កើតរបស់ Vitali Klitschko ដែលជាអតីតកីឡាករប្រដាល់ និងបច្ចុប្បន្នជាអភិបាលក្រុង Kyiv៕
អត្ថបទ៖នាង សុភាវុធ