ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១៧ ខែធ្នូ) បានវាយប្រហារនាវាដែលខ្លួនបានបញ្ជាក់ថា បានចូលរួមក្នុងការជួញដូរគ្រឿងញៀន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់ «ភេរវករគ្រឿងញៀន» ចំនួន ៤នាក់យ៉ាងតិច។
ទីបញ្ជាការខាងត្បូង បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា យោធាអាមេរិក «បានធ្វើការវាយប្រហារដោយអាវុធបង្កគ្រោះថ្នាក់លើនាវាដំណើរការដោយក្រុមដែលត្រូវបានកំណត់ថា ជាអង្គការភេរវករ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលបានចូលរួមក្នុង «ប្រតិបត្តិការជួញដូរគ្រឿងញៀន»។ ទីបញ្ជាការបានបន្ថែមថា៖ «ភេរវករគ្រឿងញៀនជាបុរសសរុប ៤នាក់ ត្រូវបានសម្លាប់ ហើយគ្មានកងកម្លាំងយោធាអាមេរិកណាម្នាក់រងគ្រោះថ្នាក់ទេ»។

គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយនេះនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៩៩នាក់ហើយ ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការនៅក្នុងខែកញ្ញា ដោយបានវាយប្រហារទូកដែលត្រូវបានចោទថា ជួញដូរគ្រឿងញៀន នៅក្នុងសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។
ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបង្កើនការដាក់ពង្រាយកងកម្លាំងយោធាដ៏ធំផងដែរ នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ហើយក្នុងសប្តាហ៍នេះ បានប្រកាសបិទខ្ទប់ «នាវាប្រេងដែលជាប់ទណ្ឌកម្ម» ទាំងទៅ និងមកពីទីក្រុងការ៉ាកាស (Caracas)៕
