ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ (ទី១៧ ខែធ្នូ) បានចោទប្រកាន់ទីក្រុងមូស្គូថា ចង់បន្តសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងមាន ដោយបានរំលឹកឡើងវិញនូវតម្រូវការឲ្យមានការធានាការពារ សម្រាប់ប្រទេសរបស់លោក។
នៅក្នុងសុន្ទរកថាជាវីដេអូមួយដែលត្រូវបានចេញផ្សាយនៅលើ Telegram លោក Zelensky បាននិយាយថា៖ «ថ្ងៃនេះ យើងបានឮជាថ្មីម្តងទៀតនូវសញ្ញាពីទីក្រុងមូស្គូ ដែលថា ពួកគេកំពុងរៀបចំធ្វើសង្រ្គាម នៅឆ្នាំក្រោយ។ ហើយសញ្ញាទាំងនេះមិនត្រឹមតែ សម្រាប់ប្រទេសយើងប៉ុណ្ណោះទេ»។

ដោយបង្ហាញថា វាមានសារៈសំខាន់ណាស់ដែលដៃគូរបស់អ៊ុយក្រែន «មិនត្រឹមតែមើលឃើញនូវសញ្ញាទាំងនេះប៉ុណ្ណោះទេ តែថែមទាំងត្រូវឆ្លើយតបផងដែរ» ចំពោះសញ្ញាទាំងនេះ លោក Zelensky បានគូសបញ្ជាក់ដល់ដៃគូរបស់ប្រទេសលោក ក្នុងបរិបទនេះ ជាពិសេសសហរដ្ឋអាមេរិកដែលលោកបានបញ្ជាក់ថា «ជារឿយៗ តែងតែលើកឡើងថា រុស្ស៊ីចង់បញ្ចប់សង្រ្គាម»។
លោកបានសង្កត់ធ្ងន់ថា៖ «ទោះជាយ៉ាងណាក្ដី វោហាសាស្ត្រ និងសញ្ញាដែលចេញមកពីរុស្ស៊ី គឺផ្ទុយស្រឡះ ដោយយកចេញទម្រង់នៃការបញ្ជាផ្លូវការដល់កងទ័ពរបស់ពួកគេ។ ផ្នត់គំនិតរុស្ស៊ីនេះ ត្រូវតែបានដឹង ហើយត្រូវទប់ទល់។ ហើយនៅពេលដែលពួកគេស្ថិត នៅក្នុងផ្នត់គំនិតនេះ ពួកគេក៏នឹងធ្វើឲ្យប៉ះពាល់ដល់ការទូតផងដែរ»។
លោក Zelensky បានបន្តគូសបញ្ជាក់នូវតម្រូវការ ដើម្បីឲ្យមាន «ការការពារពិតប្រាកដ« ពីការវាយប្រហាររបស់រុស្ស៊ី ដោយនិយាយថា ទីក្រុងគីវនឹងបន្តធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាឲ្យបានថា ការការពារបែបនេះនឹងកើតមាន៕
