បាល់ទាត់៖ ស្ថាប័នបាល់ទាត់ពិភពលោក FIFA និងអឺរ៉ុប UEFA បានសំរេចរួមគ្នាក្នុងការផ្អាករាល់ការប្រកួតអន្តរជាតិទាំងអស់មិនថា ក្រុមជំរើសជាតិ រឺក្លិបបាល់ទាត់រុស្ស៊ីតាមរយៈការរំលោភឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ FIFA និង UEFA បានសំរេចធ្វើបែបនេះរហូតដល់មានការជូនដំណឹងថ្មី តាមរយៈសេចក្ដីថ្លែងការណ៍រួមមានដែលបានសរសេរថា បាល់ទាត់ត្រូវបានរួបរួមយ៉ាងពេញលេញនៅទីនេះ និងដោយសាមគ្គីភាពពេញលេញជាមួយប្រជាជនទាំងអស់ ដែលរងផលប៉ះពាល់នៅក្នុងប្រទេសអ៊ុយក្រែន។
មានន័យថា ក្រុមបាល់ទាត់ជំរើសជាតិរុស្ស៊ីនឹងមិនបានប្រកួត Play-Off World Cup ឡើយនៅខែមិនានេះ ស្របពេលក្រុមបាល់ទាត់ស្ត្រីរបស់រុស្ស៊ីក៏មិនបានចូលរួម ការប្រកួតជើងឯកបាល់ទាត់ស្ត្រីអឺរ៉ុបឆ្នាំនេះផងដែរ។ ចំណែកក្លិបបាល់ទាត់ Spartak Moscow របស់រុស្ស៊ីក៏ត្រូវដកសិទ្ធិចេញពី UEFA Europa League ដែរមានន័យថា គូប្រកួតគឺក្លិបអាល្លឺម៉ង់ RB Leipzig ឡើងវគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ មុនសេចក្ដីថ្លែងការណ៍នេះ FIFA ទើបបានចេញសេចក្តីថ្លែងការណ៍មួយតែឯងដែរ ដោយលើកឡើងថា រាល់ការប្រកួតរបស់រុស្ស៊ីត្រូវធ្វើឡើងនៅក្រៅទឹកដីរុស្ស៊ី និងស្ថិតក្រោមទង់សម្ព័ន្ធបាល់ទាត់រុស្ស៊ីដោយគ្មានទង់ជាតិ និងការគោរពភ្លេងជាតិ។
យ៉ាងណាក្តីសេចក្តីថ្លែងការណ៍នេះក៏ត្រូវទទួលការរិះគន់ពីស្កុតឡេន សាធារណរដ្ឋអៀកឡង់ រួមជាមួយប្រទេសផ្សេងទៀតរួមមានអង់គ្លេស អៀកឡង់ខាងជើង វែល ប៉ូឡូញ ឆេក និងស៊ុយអែតដោយសុទ្ធតែបដិសេធមិនធ្វើការប្រកួតជាមួយក្រុមរុស្ស៊ីតែម្តង៕
អត្ថបទ៖នាង សុភាវុធ