សម្ព័ន្ធកងកម្លាំង Alliance Fleuve Congo (AFC/M23) ដែលរួមមានទាំងក្រុមឧទ្ទាម M23 ផងដែរ បានប្រាប់ឲ្យដឹងថា ខ្លួនបានចាប់ផ្តើមដកកងកម្លាំងរបស់ខ្លួនចេញពីទីក្រុងព្រំដែន Uvira របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលខ្លួនបានកាន់កាប់កាលពីដើមខែនេះ។
ក្រុមនេះបានឲ្យដឹងថា ចំណាត់ការនេះ គឺមានបំណងធ្វើឲ្យមាន «វិធានការកសាងទំនុកចិត្ត» ដើម្បីឲ្យដំណើរការសន្តិភាពទីក្រុងដូហា ដែលសម្របសម្រួលដោយប្រទេសកាតា ជាឱកាសដ៏ល្អបំផុតនៃភាពជោគជ័យ ក្នុងការសម្រេចបានដំណោះស្រាយរយៈពេលវែង ចំពោះជម្លោះនេះ។

ការប្រកាសនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានអំពាវនាវឲ្យក្រុមឧទ្ទាមចាកចេញពីទីក្រុងនេះ។ តាមរយៈការប្រកាសនៅលើបណ្ដាញសង្គម X មេដឹកនាំនយោបាយរបស់សម្ព័ន្ធភាព លោក Bertrand Bisimwa បានប្រាប់ថា ការដកកងកម្លាងនេះនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) នេះ។
ទីក្រុង Uvira ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅជិតព្រំដែនជាមួយប្រទេសប៊ូរុនឌី បានបម្រើជារាជធានីបណ្តោះអាសន្ននៃខេត្ត Kivu ខាងត្បូង (South Kivu)។
ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ រវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាល បានបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ ដោយធ្វើឲ្យមនុស្សជាង ២០០.០០០នាក់ ភៀសខ្លួន៕

