ប្រធានជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) នេះ បានឲ្យដឹងថា លោកចង់រំលឹកទីក្រុងវ៉ាស៊ីនតោនថា ទោះបីជាមានការរិះគន់សមហេតុសមផលក៏ដោយ ក៏ UN នៅតែមានសារៈសំខាន់ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេង នៅក្នុងពិភពលោកមួយដែលហ៊ុមព័ទ្ធដោយជម្លោះ និងវិបត្តិ។
ឧត្តមស្នងការជិតផុតអាណត្តិរបស់ UN ទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បានប្រាប់អ្នកសារព័ត៌មានថា លោកចង់រំលឹកទៅសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុត សម្រាប់ទីភ្នាក់ងាររបស់លោក អំពីតម្លៃដែល UN អាចផ្តល់ជូន។

នៅចុងបញ្ចប់នៃវេទិកាជនភៀសខ្លួនពិភពលោករយៈពេល ៣ថ្ងៃ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកបាននិយាយថា៖ «មានស្ថានភាពជច្រើន ដែលមិនអាចខ្វះ UN បាន ពីព្រោះគ្មាននរណាម្នាក់អាចធ្វើការងារនោះបានទេ»។ លោកបានបញ្ជាក់ថា៖ «យើងមានភាពស្របច្បាប់ យើងមានចំណេះដឹង និងមានអាណត្តិ»។
យ៉ាងណាក្ដី លោកបានទទួលស្គាល់ការរិះគន់ ដែលថា UN គឺជា «អង្គការដែលមានភាពស្មុគស្មាញពេក ទំហំធំជ្រុល និងគ្មានប្រសិទ្ធភាព»។ តែលោកសង្កត់ធ្ងន់ថា៖ «សាររបស់ខ្ញុំទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាពេលនេះ គឺជាសារយ៉ាងច្បាស់លាស់ណាស់ ហើយឥឡូវនេះ យើងទាំងអស់គ្នា កំពុងប្រញាប់ប្រញាល់រៀបចំខ្លួនឲ្យល្អប្រសើរឡើងវិញ។ សូមចងចាំថា UN មានតម្លៃណាស់»។
គួរបញ្ជាក់ថា UNHCR ក៏ដូចទីភ្នាក់ងារ UN ជាច្រើនទៀតដែរ ដែលត្រូវបានរងផលប៉ះពាល់ដោយសារការកាត់ជំនួយអន្តរជាតិ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានវិលត្រលប់ទៅកាន់តំណែងវិញ កាលខែមករា និងដោយសារតែម្ចាស់ជំនួយធំៗជាច្រើនផ្សេងទៀត ក៏បានរឹតត្បិតការផ្ដល់មូលនិធិរបស់ពួកគេផងដែរ៕
