បាល់ទាត់៖ លោក ស៊ុំ វណ្ណា បានដាក់គោលដៅ ៥ឆ្នាំដើម្បីដឹកនាំ និងអភិវឌ្ឍក្លិបបាល់ទាត់ឬទ្ធីសែនឲ្យក្លាយជាក្រុមខ្លាំង ហើយឈានទៅការប្រកួតប្រជែងនៅក្របខណ្ឌលីគកំពូលកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីលោកទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ពិសេសឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតែងតាំងលោកជានាយកបច្ចេកទេសកាលពីថ្មីៗ។

គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះបានបញ្ជាក់ថា បច្ចុប្បន្នក្លិបកំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំងពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ពិសេសឯកឧត្តម សាន់ យូ ដែលជាប្រធានក្លិបក្នុងកៀរគរធនធានកីឡាករ ក៏ដូចជាក្រុមការងារគ្រូដើម្បិជំរុញការរៀបចំ និងអភិវឌ្ឍន៍ក្លិបតំណាងខេត្តកំពង់ឆ្នាំងមួយនេះ ឲ្យកាន់តែរីកចម្រើនឈានទៅលេងនៅលីគកំពូលនាថ្ងៃអនាគត។ លោកថា រយៈពេលប៉ុន្មានឆ្នាំមកនេះ ឬទ្ធីសែន មានសិទ្ធិចូលរួមប្រកួតត្រឹមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តប៉ុណ្ណោះ។ ប៉ុន្តែចំពោះមុខថ្នាក់ដឹកនាំ និងកីឡាករបានប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីពង្រឹងការអភិវឌ្ឍក្លិបមានមូលដ្ឋាននៅខេត្តកំពង់ឆ្នាំងមួយនេះ ឲ្យក្លាយជាក្លិបមានសក្តានុពលមួយ ក្នុងពិភពបាល់ទាត់កម្ពុជានាពេលខាងមុខ។
ប៉ុន្ដែទោះបីមានមហិច្ឆតាធំយ៉ាងណាក៏មិនអាចបង្ខំបានដែរ ដ្បិតបាល់ទាត់ត្រូវចាប់ផ្ដើមជាដំណាក់កាល ជាក់ស្ដែងចក្ខុវិស័យរបស់ក្រុមឬទ្ធីសែនត្រូវការរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍយុវជនចាប់ពីអាយុក្រោម ១៥ឆ្នាំដល់អាយុក្រោម ១៨ឆ្នាំរហូតដល់ក្រុមធំ ដើម្បីប្រែក្លាយទៅជាក្លិបខ្លាំងមួយ ដែលអាចប្រកួតប្រជែងកម្រិតខ្ពស់បាន។ លោក ស៊ុំ វណ្ណា បានបង្ហាញទិសដៅថា ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ក្លិបនឹងពង្រឹងគុណភាពក្នុងការប្រកួតលីគទី២ ឲ្យបានល្អ ហើយចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ក្លិបត្រូវសម្រេចគោលដៅប្រកួតប្រជែងកៅអីលីគកំពូលឲ្យខានតែបាន។ បន្ថែមលើសនេះក្លិបក៏ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីលាន ធនធានកីឡាករថ្នាល រចនាសម្ព័ន្ធគ្រប់គ្រង ពិសេសធនធានហិរញ្ញវត្ថុ ដើម្បីធានាបាននូវលក្ខខណ្ឌចូលរួមលេងលីគកំពូលផងដែរ។
គួរដឹងថា នាយកបច្ចេកទេសក្រុមឬទ្ធីសែនរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងស្រាប់ មុនចាប់អាជីពបាល់ទាត់ជាកីឡាកររហូតវិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្វឹក ដែលធ្លាប់ដឹកនាំក្លិបជាច្រើននៅលីគកំពូលកម្ពុជា ហើយលោកបានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ក្រោយបានត្រឡប់ទៅដឹកនាំក្រុមនៅស្រុកកំណើតរបស់ខ្លួន ដែលមានការស្រលាញ់ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត។ តាមរយៈនេះ លោកប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព នាំយកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ក្រុមបាល់ទាត់ឬទ្ធីសែន ឆ្ពោះទៅរកស្ដង់ដារក្លិបអាជីពមួយដើម្បីចូលរួមការប្រកួតប្រជែង ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ពិសេសដើម្បីលើមុខមាត់វិស័យកីឡាខេត្តផង និងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិផង៕
អត្ថបទ៖ លី ឈុនឡា