នៅថ្ងៃព្រហស្បតិ៍ ចិនបានថ្កោលទោសការលក់អាវុធថ្មីរបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់ ដោយពួកគេនិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយនិងធ្វើប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិក បានអនុម័តការលក់សព្វាវុធតម្លៃ ១១,១ ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដែលជាកញ្ចប់អាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះ ដែលកំពុងស្ថិតនៅក្រោមសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន ។

ការប្រកាសលក់អាវុធឱ្យកោះតៃវ៉ាន់ចុងក្រោយបំផុតនេះដែរ គឺជាលើកទីពីរហើយ ក្រោមរដ្ឋបាលបច្ចុប្បន្នរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយបានកើតឡើងនៅពេលទីក្រុងប៉េកាំង បង្កើនសម្ពាធយោធា និងការទូតលើកោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងសិទ្ធិថា ជាខេត្តផ្តាច់ខ្លួនរបស់ពួកគេ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីសហរដ្ឋអាមេរិកបានប្រកាសដោយបើកចំហរកម្មវិធីទ្រង់ទ្រាយធំ ដើម្បីទិញអាវុធទំនើបៗ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយនិងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ចំនួន ៣ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ចិន ។
លោក Guo បានជំរុញឲ្យសហរដ្ឋអាមេរិកឈប់ជាបន្ទាន់ការបំពាក់អាវុធដល់កោះតៃវ៉ាន់ ស្របពេលដែលលោកបញ្ជាក់ថា ចំណាត់ការបែបនេះ មានតែផលអវិជ្ជមានប៉ុណ្ណោះ ៕
