បើយោងតាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) នេះថា ជនស៊ីវិលជាង ១.០០០នាក់ ត្រូវបានសម្លាប់ នៅពេលដែលក្រុមទាហានប៉ារ៉ាស៊ូដង់ បានចូលកាន់កាប់ជំរំជនភៀសខ្លួនដែលរងគ្រោះដោយទុរភិក្ស នៅតំបន់ Darfur របស់ប្រទេសស៊ូដង់ កាលពីខែមេសា ដោយរួមមានប្រហែល ១ភាគ៣ ត្រូវបានផ្ដាច់ជីវិតភា្លមៗ នាពេលនោះ។

បើយោងតាមរបាយការណ៍របស់ UN នេះ បានឲ្យដឹងថា អស់រយៈពេលជាច្រើនខែ មុនការវាយលុកថ្ងៃទី ១១-១៣ ខែមេសា កងកម្លាំងគាំទ្ររហ័ស (RSF) បានរាំងខ្ទប់មិនឲ្យមានលំហូរស្បៀងអាហារ និងការផ្គត់ផ្គង់ទៅកាន់ជំរំ Zamzam នៅតំបន់ Darfur ភាគខាងលិចស៊ូដង់ ជាទីជ្រកកោនរបស់មនុស្សជិតកន្លះលាននាក់ដែលភៀសខ្លួនដោយសង្រ្គាមស៊ីវិល។
របាយការណ៍របស់ UN បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការកាន់កាប់នោះ ក្រុម RSF បានកំណត់គោលដៅវាយប្រហារលើជនស៊ីវិល ហើយអ្នករួចជីវិត បានរាយការណ៍ពីការកាប់សម្លាប់ ការរំលោភ ការធ្វើទារុណកម្ម និងការចាប់ពង្រត់គ្រប់ទីកន្លែង ដោយមានយ៉ាងហោចណាស់មនុស្ស ៣១៩នាក់ ត្រូវបានប្រហារជីវិត នៅក្នុងជំរុំ ឬនៅពេលពួកគេព្យាយាមរត់គេច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អមជាមួយរបាយការណ៍ដែលមាន ១៨ទំព័រ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) លោក Volker Turk បានប្រាប់ឲ្យដឹងថា៖ «ការសម្លាប់ជនស៊ីវិលដោយចេតនាបែបនេះ ឬមនុស្សដែលលែងមានសមត្ថភាពប្រយុទ្ធហើយនោះ អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម»។
ការរកឃើញនេះ គឺផ្អែកលើការសម្ភាសន៍ដែលធ្វើឡើង ក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយអ្នកនៅរស់រានមានជីវិត និងសាក្សីចំនួន ១៥៥នាក់ ដែលបានភៀសខ្លួនទៅប្រទេសឆាដ៕

