ទីក្រុងធំៗនៅទូទាំងប្រទេសស៊ូដង់ រួមទាំងនៅរដ្ឋធានី Khartoum និងទីក្រុងតំបន់ឆ្នេរ Port Sudan បានធ្លាក់ក្នុងភាពងងឹត ក្រោយការវាយប្រហារយានដ្រូនវាយប្រហាររោងចក្រថាមពលសំខាន់នៅភាគខាងកើតប្រទេសស៊ូដង់ ។
អណ្តាតភ្លើង និងផ្សែង បានផុសចេញពីរោងចក្រអគ្គិសនីនៅទីក្រុង Atbara ស្ថិតក្នុងរដ្ឋ River Nile នាថ្ងៃព្រហស្បតិ៍នេះ ដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ហើយនិងស្ថិតក្រោមការវាយប្រហាររបស់កងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងសង្រ្គាមស៊ីវិលដែលបានហែកហួរប្រទេសមួយនេះ ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញស្ថានីយថាមពល ឆាបឆេះជាអណ្តាតភ្លើង ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយកាសែត Al Jazeera ។
ក្រុមមន្រ្តីរោងចក្រថាមពលដែលកំពុងព្យាយាមពន្លត់ភ្លើងដែលបានឆាបឆេះ ក្រោយការវាយប្រហារដំបូង បាននិយាយថា សមាជិកការពារជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់ ហើយក្រុមការងារជួយសង្រ្គោះ បានរងរបួស ពេលដែលយានដ្រូនទី ២ វាយប្រហារ ពេលដែលពួកគេកំពុងព្យាយាមពន្លត់អគ្គិភ័យ ៕