រុស្ស៊ី៖ ទីក្រុងមូស្គូបានប្រឈមភាពឯកាកាន់តែខ្លាំងនៅថ្ងៃអង្គារនេះ ខណៈលោកប្រធានាធិបតី Vladimir Putin ពុំបានបង្ហាញសញ្ញានៃការបញ្ចប់សកម្មភាពឈ្លានពានចូលប្រទេសអ៊ុយក្រែន ជាទីដែលការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីបានឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបណ្ដាលឲ្យមានវិបត្តិជនភៀសខ្លួន។

ការឈ្លានពានរបស់រុស្ស៊ីកាលពីសប្ដាហ៍មុនបានបរាជ័យ ក្នុងការសម្រេចបានតាមគោលដៅឆាប់រហ័សដូចបំណងដែលលោក Putin បានសង្ឃឹមទុក។ ការចរចាស្វែងរកបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្នុងប្រទេសបេឡារុសបានបរាជ័យក្នុងសម្រេចបានលទ្ធផលជាផ្លែផ្កា ហើយក្រុមអ្នកចរចាពុំបាននិយាយថា តើជុំថ្មីនឹងធ្វើឡើងនៅពេលណាទេ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានព្យាយាមដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់រុស្ស៊ី ចំពោះការឈ្លានពានលើអ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើរដ្ឋនៅអឺរ៉ុបខាងកើតមួយនេះ ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ ទណ្ឌកម្មទាំងនោះត្រូវបានដាក់លើវិស័យពាណិជ្ជកម្មធំៗ និងក្រុមមន្ត្រីកំពូលៗរបស់រុស្ស៊ីរួមទាំងលោក Putin ផងដែរ៕
អត្ថបទ៖ សុខមាន