បាល់ទាត់៖ ក្លិបកាំភ្លើងធំ Arsenal បានប្រកាសពីខាតបង់ប្រាក់ចំណូលជាង ១០០លានផោនក្នុងរដូវកាល ២០២០-២០២១ កន្លងទៅ។ បន្ទាប់ពីការខាតបង់មិនដល់ ៥០លានផោនរដូវកាល ២០១៩-២០២០ Arsenal បន្តខាតទៀតដល់ទៅ ១០៧.៣លានផោនរដូវកាលមុន ដែលជាការខាតបង់ប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប។
Arsenal ក៏បានបញ្ជាក់ដែរថា ក្នុងចំណោមការខាតបង់ខាងលើនេះមាន ៨៥លានផោនទៅហើយបណ្ដាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ រដូវកាលមុននោះ Arsenal មានការប្រកួតក្នុងទឹកដីដែលមានអ្នកចូលទស្សនាតែ ២ប្រកួតប៉ុណ្ណោះ។ ការចំណាយលើប្រាក់ខែកីឡាករមានសរុប ២៤៤លានផោន កើនឡើងជិត ១០លានផោនពីឆ្នាំ២០២០ ទោះបីជាកីឡាករ និងគ្រូបង្វឹក Mikel Arteta សុខចិត្តកាត់ប្រាក់ខែ ១២.៥% ដើម្បីជួយក្លិបក្នុងវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ