លោក Shou Zi Chew នាយកប្រតិបត្តិក្រុមហ៊ុន TikTok បានប្រាប់បុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) ថា ក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់កម្មវិធីវីដេអូខ្លី TikTok ដ៏ល្បីល្បាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានចំណងផ្លូវច្បាប់ ជាមួយវិនិយោគិនធំៗចំនួន៣ ដើម្បីលក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកជាង ៨០% របស់ក្រុមហ៊ុនបណ្ដាញសង្គមនេះ ទៅឱ្យវិនិយោគិនអាមេរិក និងវិនិយោគិនសកល ដើម្បីជៀសវាងបម្រាមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់ ឆ្ពោះទៅរកដំណោះស្រាយលើភាពមិនប្រាកដប្រជាជាច្រើនឆ្នាំនៃអនាគតរបស់កម្មវិធីវីដេអូខ្លីនេះនៅសហរដ្ឋអាមេរិក ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មក នៅពេលលោកប្រធានាធិបតី Donald Trump បានព្យាយាមហាមឃាត់កម្មវិធីនេះជាលើកដំបូង ប៉ុន្តែមិនជោគជ័យ ហើយឥឡូវនេះ TikTok មានជនជាតិអាមេរិកប្រើប្រាស់ជាប្រចាំជាង ១៧០លាននាក់។

សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនេះ គឺស្របនឹងកិច្ចព្រមព្រៀងមួយ ដែលបើកបង្ហាញក្នុងខែកញ្ញា នៅពេលលោក Trump បានពន្យារពេលនៃការអនុវត្តច្បាប់ហាមឃាត់កម្មវិធី ដើម្បីទុកពេលឱ្យក្រុមហ៊ុនមេចិន លក់ទ្រព្យសម្បត្តិ TikTok នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនបណ្ដាញសង្គមនេះបានប្រាប់បុគ្គលិកថា ទាំង ByteDance និង TikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានចំណងផ្លូវច្បាប់ ជាមួយវិនិយោគិនគ្រប់គ្រងចំនួន៣ គឺក្រុមហ៊ុន Oracle ក្រុមហ៊ុន Silver Lake និង MGX ដើម្បីបង្កើតអង្គភាពសហកម្មសិទ្ធិ TikTok ថ្មីមួយនៅអាមេរិក ឈ្មោះថា TikTok USDS Joint Venture LLC។
អនុស្សរណៈនិយាយថា ភាគហ៊ុន ៥០% នៃស្ថាប័នសហកម្មសិទ្ធិនេះ នឹងត្រូវកាន់កាប់សម្ព័ន្ធវិនិយោគិនថ្មីទាំងបីខាងលើ ដោយនីមួយៗមានភាគហ៊ុនខ្ទង់ ១៥% ខណៈហ៊ុន ៣០,១% កាន់កាប់ដោយសម្ព័ន្ធរបស់វិនិយោគិនមានស្រាប់របស់ ByteDance ចំណែក ១៩,៩% នៅសេសសល់ នឹងត្រូវបានរក្សាទុកដោយ ByteDance ផ្ទាល់៕