រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ទីក្រុងមូស្គូព្យាយាមធ្វើឲ្យអ៊ុយក្រែនក្លាយជាប្រទេសគ្មានកងទ័ព និងលុបបំបាត់ឥរិយាបថណាស៊ីនិយម។
បេសកជនប្រចាំអង្គការសហប្រជាជាតិរបស់ទីក្រុងមូស្គូលោក Vasily Nebenzia និយាយទៅកាន់មហាសន្និបាតអំឡុងកិច្ចប្រជុំ ដែលបានអំពាវនាវដើម្បីប្រកាសបដិសេធការឈ្លានពានលើអ៊ុយក្រែនថា ប្រទេសរុស្សីព្យាយាមសង្គ្រោះអាយុជីវិតប្រជាជននៅក្នុងតំបន់ Donbass និងដាក់ទណ្ឌកម្មអ្នកទាំងឡាយដែលទទួលខុសត្រូវ នៃការប្រល័យពូជសាសន៍ និងអំពើឃោរឃៅរយៈពេល ៨ឆ្នាំ។ ការឈ្លានពានលើអ៊ុយក្រែនមិនមែនជាផ្នែកនៃផែនការរបស់យើងនោះទេ។
លោក Nebenzia និយាយថា បំណងនៃប្រតិបត្តិការពិសេសនេះគឺត្រូវការពារប្រជាជន ដែលជាគោលដៅក្នុងការធ្វើទុកបុកម្នេញ និងប្រល័យពូជសាសន៍ដោយរបបទីក្រុងគីវសម្រាប់រយៈពេល ៨ឆ្នាំកន្លងទៅនេះ។ នេះគឺជាមូលហេតុដែលវាចាំបាច់ដើម្បីធ្វើឲ្យអ៊ុយក្រែនគ្មានយោធា និងបំបាត់ឥរិយាបថណាស៊ីនិយម។ លោក Putin បានបញ្ជាក់ឡើងវិញពីការទាមទាររបស់លោក ដែលតម្រូវឲ្យអ៊ុយក្រែនធ្វើជាប្រទេសគ្មានកងទ័ព និងជាប្រទេសអព្យាក្រឹត ជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់នៅក្នុងប្រទេសនេះ៕
អត្ថបទ៖ សុខមាន