ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) បាននិយាយថា លោកជឿជាក់ថា កិច្ចចរចាឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន «កំពុងខិតជិតដល់អ្វីមួយហើយ» មុនពេលកិច្ចប្រជុំរបស់សហរដ្ឋអាមេរិក ជាមួយមន្ត្រីរុស្ស៊ី នៅចុងសប្តាហ៍នេះ។

ក្នុងអំឡុងព្រឹត្តិការណ៍មួយនៅការិយាល័យ Oval Office លោក Trump ប្រាប់អ្នកយកព័ត៌មានថា "លោកសង្ឃឹមថា អ៊ុយក្រែននឹងបោះជំហានឱ្យឆាប់រហ័ស"។ លោកបន្តថា អ៊ុយក្រែនត្រូវតែរហ័ស "ព្រោះរុស្ស៊ីកំពុងនៅទីនោះហើយ" ដែលជាក់ស្តែងសំដៅទៅលើជ័យជម្នះសមរភូមិថ្មីៗរបស់រុស្ស៊ី។

មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់ថា ប្រេសិតពិសេសរបស់អាមេរិក គឺលោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner មានគម្រោងជួបជាមួយគណៈប្រតិភូរុស្ស៊ី នៅទីក្រុង Miami នាចុងសប្តាហ៍នេះ ដើម្បីបន្តព្យាយាមបញ្ចុះបញ្ចូលទាំងរុស្ស៊ី និងអ៊ុយក្រែន ឱ្យសម្រេចកិច្ចព្រមព្រៀងមួយ ក្នុងការបញ្ចប់សង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។

លោក Witkoff និងលោក Kushner បានជួបគណៈប្រតិភូអ៊ុយក្រែន រួចមកហើយនៅទីក្រុងប៊ែរឡាំង នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ កន្លងទៅ ហើយមន្ត្រីអាមេរិកក៏សម្ដែងទំនុកចិត្តថា គំនិតភាគីទាំងពីរមិននៅឆ្ងាយពីគ្នាទេ ទោះបីជាបញ្ហាដ៏លំបាកបំផុតនៅតែមិនទាន់ដោះស្រាយបានក៏ដោយ ពោលគឺ ការទទូចទាមទាររបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន៕