ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Antonio Costa បាននិយាយថា ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមនៅថ្ងៃសុក្រទី១៩ធ្នូសប្ដាហ៍នេះក្នុងការផ្តល់ប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ដោយគ្មានការប្រាក់ដល់អ៊ុយក្រែន ដើម្បីបំពេញតម្រូវការយោធា និងសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ។

លោក Costa បាននិយាយក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ពួកលោកមានកិច្ចព្រមព្រៀងមួយហើយ។ ការសម្រេចចិត្តផ្តល់ការគាំទ្រចំនួន ៩០ ពាន់លានអឺរ៉ូ ឬ ស្មើ ១០៦ ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៦ ដល់២០២៧ ត្រូវបានអនុម័ត។

ក្រុមមេដឹកនាំសហភាពអឺរ៉ុបបានធ្វើការយ៉ាងខ្លាំងរហូតដល់យប់ជ្រៅកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធានាដល់ប្រទេសបែលហ្ស៊ិកថា ពួកគេនឹងផ្តល់ការធានាដើម្បីការពារប្រទេសនេះពីការសងសឹករបស់រុស្ស៊ី ប្រសិនបើប្រទេសនេះ គាំទ្រប្រាក់កម្ចីសម្រាប់អ៊ុយក្រែន។

ប្លុកសហរដ្ឋអឺរ៉ុប បានបង្វែរពីការប្រើប្រាស់ទ្រព្យសកម្មបង្ករបស់រុស្ស៊ី ទៅជាការរួមគ្នាផ្ដល់ប្រាក់កម្ចីដល់អ៊ុយក្រែន វិញ ក្រោយក្រុមមេដឹកនាំទាំងនេះ បានបរាជ័យក្នុងការព្រមព្រៀងប្រើប្រាស់លុយរុស្ស៊ី ជួយដល់អ៊ុយក្រែន៕