កងកម្លាំងនគរបាលបានចាប់ខ្លួនបាតុករដែលប្រឡាក់ដោយឈាមម្នាក់ ខណៈក្រុមបាតុកម្មរបស់កសិករប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុបនិងទីផ្សាររួមអាមេរិកឡាទីន បានប្រែក្លាយជាអំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍១៨ធ្នូសប្ដាហ៍នេះ។
ការប៉ះទង្គិចគ្នានានាបានផ្ទុះឡើងនៅជិតសភាសហភាពអឺរ៉ុប ខណៈកងកម្លាំងនគរបាលបែលហ្ស៊ិកបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ស្របពេលក្រុមបាតុករគប់គ្រាប់បែកផ្សែងនិងដំឡូង។

នគរបាលបានធ្វើអន្តរាគមន៍នៅពេលអំពើហិង្សាកាន់តែធ្ងន់ធ្ងរ ហើយបានស្វែងរកចាប់ខ្លួនក្រុមបាតុករមួយចំនួន។
ជាមួយគ្នានោះ ត្រាក់ទ័រមួយគ្រឿងត្រូវបានបើកបំបុកចូលក្នុងជួររបស់នគរបាលបង្ក្រាបកុបកម្ម ទោះបីជាទំនងមិនបានបុកនរណាម្នាក់ក៏ដោយ។

នគរបាលនិយាយថា ពួកគេបានអនុញ្ញាតឱ្យមានការតវ៉ាជាមួយត្រាក់ទ័ររហូតដល់៥០ គ្រឿង ប៉ុន្តែនៅរសៀលថ្ងៃព្រហស្បតិ៍នោះ មានមនុស្សប្រហែល១.០០០នាក់បានមកដល់រដ្ឋធានីបែលហ្ស៊ិក។
ពួកគេបានប៉ាន់ប្រមាណចំនួនអ្នកតវ៉ាប្រហែល ៧.០០០នាក់។

ក្រុមមេដឹកនាំសហភាពអឺរ៉ុបគ្រោងជជែកពិភាក្សាក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ ថាតើសហភាពអឺរ៉ុបគួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្លុកអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយដែរឬអត់។
ក្រុមអ្នករិះគន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនិយាយថា ទំនិញមានតម្លៃថោកអាចសម្រុកហូរចូលលើទីផ្សារដែលបង្កគ្រោះថ្នាក់ដល់អ្នកផលិតអឺរ៉ុប៕