បាល់ទាត់៖ អតីតអ្នកចាំទីក្រុមជំរើសជាតិអ៊ីតាលី Gianluigi Buffon មិនទាន់គិតគូររឿងចូលនិវត្តន៍ឡើយក្នុងវ័យ ៤៤ឆ្នាំបន្ទាប់ពីចុះកិច្ចសន្យាថ្មីលេងបន្តជាមួយក្លិបអ៊ីតាលី Parma ដល់ឆ្នាំ២០២៤។ ម្ចាស់ជ័យលាភី World Cup ជាមួយក្រុមអ៊ីតាលីរូបនេះបានផ្លាស់មកកាន់ក្លិបនៅ Serie B មួយនេះរដូវកាលមុនជាមួយកិច្ចសន្យាពីរឆ្នាំ។

Buffon ធ្លាប់ឈ្នះជើងឯក Serie A ១០លើកជាមួយសេះបង្កង់ Juventus និងធ្លាប់លេងសរុប ៦៥៧ប្រកួតនៅក្របខណ្ឌកំពូល។ Gianluigi Buffon ដែលចាប់ផ្តើមអាជីពដំបូងជាមួយ Parma នៅខែវិច្ឆិកា ឆ្នាំ១៩៩៥ នោះបានចូលលេង ២៣ប្រកួតហើយជាមួយ Parma រដូវកាលនេះ ដែលបច្ចុប្បន្នកំពុងឈរលេខ ១៣ ក្នុងចំណោម ២០ក្រុមក្រោយលេងបាន ២៦ប្រកួត។ កិច្ចសន្យាថ្មីនេះមានន័យថា Gianluigi Boffon នឹងបន្តអាជីពអ្នកចាំទីរបស់ខ្លួនដល់វ័យ ៤៦ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ