ប្រជាជនបូលីវី មានប្រតិកម្មដោយការខកចិត្តនិងភាពមិនប្រាកដប្រជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាល បានលុបចោលការឧបត្ថម្ភធនលើប្រេងឥន្ធនៈដែលមានជាយូរមកហើយ បង្កឱ្យតម្លៃប្រេងហក់ឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃនៅក្នុងទីក្រុង El Alto នៃតំបន់ខ្ពង់រាប។

ជួររថយន្តក្រុងខ្នាតតូច តាក់ស៊ី និងរថយន្តដឹកទំនិញ បានលាតសន្ធឹងជាច្រើនប្លុកនៅស្ថានីយ៍ប្រេងឥន្ធនៈ ខណៈអ្នកបើកបរបានប្រឈមទៅនឹងការកើនឡើងតម្លៃប្រេងសាំង៨៦% និង១៦៣%សម្រាប់ប្រេងម៉ាស៊ូត ក្រោមក្រឹត្យដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។

សម្រាប់បុគ្គលិកដឹកជញ្ជូន ការកើនឡើងនេះមិនអាចទ្រទ្រង់បានទេ។ សមាគមបានព្រមានថា តម្លៃឈ្នួលដឹកជញ្ជូនអាចកើនឡើងទ្វេដង ដែលបង្កើនការព្រួយបារម្ភអំពីអតិផរណាកាន់តែទូលំទូលាយនៅក្នុងប្រទេសដែលទទួលរងដោយកង្វះប្រេងឥន្ធនៈ និងកង្វះប្រាក់ដុល្លាររយៈពេលជាងពីរឆ្នាំមកហើយ។
ប្រធានាធិបតីប្រទេសបូលីវី លោក Rodrigo Paz ដែលទើបតែចូលកាន់តំណែងបាន៤០ថ្ងៃ បានទទួលមរតកសេដ្ឋកិច្ចស្ថិតក្នុងភាពវឹកវរបន្ទាប់ពីការគ្រប់គ្រងរបស់អ្នកសង្គមនិយមរយៈពេលពីរទសវត្សរ៍ និងអ្វីដែលអ្នកវិភាគចាត់ទុកថាជាវិបត្តិដ៏អាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំមកនេះ។ រដ្ឋាភិបាលនិយាយថា ចំណាត់ការនឹងទប់ស្កាត់បណ្តាញរត់ពន្ធដែលទាញយកប្រេងនាំចូលជិត៣០% មានតម្លៃជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។