ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) បានគូសបញ្ជាក់ពីគោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៨ ខាងមុខនេះ និងការពារលំហអាកាសពីការគំរាមកំហែងដោយអាវុធ នៅក្នុងក្រឹត្យដ៏ទូលំទូលាយមួយ ដែលជាជំហានគោលនយោបាយលំហដ៏សំខាន់ដំបូងគេនៃអាណត្តិទីពីររបស់លោក។

ក្រឹត្យនេះដាក់ចេញប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមហាសេដ្ឋីអវកាសយានិកឯកជន និងជាអតីតអតិថិជនក្រុមហ៊ុន SpaceX គឺលោក Jared Isaacman បានស្បថចូលកាន់តំណែងជាអ្នកគ្រប់គ្រងទី១៥ របស់អង្គការណាសា។ ក្រឹត្យនេះក៏រៀបចំឡើងវិញនូវការសម្របសម្រួលគោលនយោបាយអវកាសជាតិ ក្រោមការដឹកនាំរបស់ទីប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់របស់លោក Trump គឺលោក Michael Kratsios។

ក្រោមចំណងជើងថា "ការធានានូវឧត្តមភាពអវកាសអាមេរិក" ក្រឹត្យនេះអំពាវនាវឱ្យមន្ទីរបញ្ចកោណ និងទីភ្នាក់ងារចារកម្មសម្ងាត់អាមេរិក បង្កើតយុទ្ធសាស្ត្រសន្តិសុខអវកាស ជំរុញឱ្យមានប្រសិទ្ធភាពក្នុងចំណោមអ្នកម៉ៅការឯកជន និងស្វះស្វែងរកការបង្ហាញសមត្ថភាពនៃបច្ចេកវិទ្យាការពារមីស៊ីលក្រោមកម្មវិធី Golden Dome របស់លោក Trump។

គោលដៅបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅចុងអាណត្តិទីពីររបស់លោក Trump ក្នុងឆ្នាំ២០២៨ នេះ គឺស្រដៀងនឹងសេចក្ដីណែនាំប្រធានាធិបតីក្នុងឆ្នាំ២០១៩ ក្នុងអាណត្តិដំបូងរបស់លោក ដែលលើកពីការវិលត្រឡប់ទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៤។ ចំណាត់ការនេះគឺជាការធ្វើឱ្យបេសកកម្មឋានព្រះចន្ទ ស្ថិតចំកណ្តាលគោលនយោបាយរុករកអវកាសរបស់អាមេរិក ជាមួយនឹងពេលវេលាកំណត់ដ៏ខ្លី ដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះចាត់ទុកថា "មិនប្រាកដនិយម" ទាល់តែសោះ៕