ក្រុមជួយសង្គ្រោះបានធ្វើការដោយដើរឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ និងដងផ្លូវដែលគ្របដណ្តប់ដោយដីល្បប់ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយកាលពីចុងសប្តាហ៍នៅភាគខាងកើតប្រទេសបូលីវីបានកើនឡើងដល់២០នាក់។

មានគ្រួសារយ៉ាងហោចណាស់៦០០គ្រួសារនៅទូទាំងសហគមន៍ចំនួន១១នៅក្នុងតំបន់ Santa Cruz បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ដែលបានកើតឡើងនៅពេលដែលទឹកទន្លេពេញហៀរ បង្កឱ្យមានទឹកជំនន់។ វីដេអូថតដោយយានដ្រូន បានបង្ហាញលំនៅឋានជាច្រើនខ្នងនៅក្នុងទីក្រុង El Torno ស្ទើរតែត្រូវបានកប់ទាំងស្រុងនៅក្រោមស្រទាប់ដីល្បប់ និងកម្ទេចកម្ទីក្រាស់ៗ និងមានដើមឈើ និងមែកឈើបាក់ធ្លាក់រាយខ្ពស់នៅជុំវិញផ្លូវ។

ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើទូកជ័រដើម្បីជម្លៀសប្រជាជនរាប់សិបនាក់ដែលជាប់គាំងខ្លួនដោយទឹកជំនន់ ខណៈឧទ្ធម្ភាគចក្របានដឹកជញ្ជូនជនរងគ្រោះទៅកាន់កន្លែងមានសុវត្ថិភាពពីតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។ មនុស្សយ៉ាងហោចណាស់ជាង១០នាក់នៅតែបាត់ខ្លួន ខណៈក្រុមជួយសង្គ្រោះព្យាយាមទៅដល់ស្រុកនានាដែលកាលពីពេលមុនមិនអាចទៅដល់បាន។