ប្រជាជនស៊ីរី បានស្វាគមន៍ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការលុបចោលទណ្ឌកម្មដ៏តឹងរ៉ឹងមួយចំនួនដែលសហរដ្ឋអាមេរិកបានដាក់លើប្រទេសស៊ីរីក្រោមការដឹកនាំរបស់អតីតមេដឹកនាំ លោក Bashar al-Assad កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ។ មនុស្សមួយចំនួននៅទីក្រុងដាម៉ាស សង្ឃឹមថាចំណាត់ការនេះនឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេស ជាអារម្មណ៍ដែលជាជីវករ លោក Ibrahim Karout បានគាំទ្រ។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shibani បាននិយាយនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា វាជាការវិវឌ្ឍវិជ្ជមានសម្រាប់ប្រទេសស៊ីរី និងពិភពលោក។ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បានអនុម័តកំណែសម្របសម្រួលនៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំសារពើពន្ធ២០២៦ ជាគោលនយោបាយកំណត់សេចក្តីស្នើច្បាប់ជិត១សែនកោដ៍ដុល្លារសម្រាប់មន្ទីរបញ្ចកោណដែលសភាបានអនុម័តរយៈពេល៦៥ឆ្នាំជាប់ៗគ្នា។

បទប្បញ្ញត្តិនៅក្នុងច្បាប់នេះ បានលុបចោលច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលចាស់ ឆ្នាំ២០១៩ ហើយតម្រូវឱ្យមានរបាយការណ៍ជាប្រចាំពីសេតវិមានដែលបញ្ជាក់ថារដ្ឋាភិបាលស៊ីរីកំពុងប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយគាំទ្រសិទ្ធិសាសនា និងជនជាតិភាគតិចនៅក្នុងប្រទេស និងមិនចាត់វិធានការយោធាជាឯកតោភាគី ប្រឆាំងនឹងប្រទេសជិតខាងខ្លួន រួមទាំងអ៊ីស្រាអែលផងដែរ។
ការដកចេញទណ្ឌកម្មត្រូវបានចាត់ទុកថាជាគន្លឹះនៃភាពជោគជ័យរបស់រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរី។ ក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីតជាច្រើនកំពុងរៀបចំផែនការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសនេះ ជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងរីយ៉ាដ ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេសស៊ីរី។