សហភាពអឺរ៉ុប បានពន្យារពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ ជាមួយបណ្តាប្រទេសអាមេរិកខាងត្បូង ក្នុងពេលមានការតវ៉ាពីកសិករសហភាពអឺរ៉ុប និងខណៈមានការប្រឆាំងនៅនាទីចុងក្រោយដោយប្រទេសបារាំង និងអ៊ីតាលី ដែលបានគំរាមកំហែងធ្វើឱ្យកិច្ចព្រមព្រៀងនេះត្រូវបានបង្អាក់។

អ្នកនាំពាក្យប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Paula Pinho បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្លុកទីផ្សាររួមអាមេរិកឡាទីន នឹងត្រូវពន្យារពេលរហូតដល់ខែមករា ជាការពន្យារពេលបន្ថែមទៀតចំពោះកិច្ចព្រមព្រៀងដែលបានចំណាយពេលជាច្រើនឆ្នាំដើម្បីចរចា។

ប្រធានគណៈកម្មការ លោកស្រី Ursula von der Leyen ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលនៅថ្ងៃសៅរ៍ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ប៉ុន្តែត្រូវការការគាំទ្រពីសមាជិកភាគច្រើននៃសមាជិកសហភាពអឺរ៉ុបដើម្បីធ្វើដូច្នេះ។
ទីភ្នាក់ងារសារព័ត៌មានAP បានរាយការណ៍ថា កិច្ចព្រមព្រៀងមួយដើម្បីពន្យារពេល ត្រូវបានឈានដល់រវាងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដោយមានលក្ខខណ្ឌថា អ៊ីតាលីនឹងបោះឆ្នោតគាំទ្រកិច្ចកិច្ចព្រមព្រៀងនេះនៅក្នុងខែមករា។