យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ គឺជាកម្លាំងស្នូលក្នុងការធានាបាននិរន្តភាព នៃការដឹកនាំនិងការអភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះសំណាល និងប្រកាសសមាសភាពប្រធាន អនុប្រធាន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យប្រមាណ ២៤៥នាក់ ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅស្នាក់ការបក្សក្រុងឧដុង្គម៉ែជ័យ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាប្រតិបត្តិករតែមួយគត់ដែលបាននាំប្រទេសជាតិត្រឡប់មកវិញនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ដែលយើងបានបាត់បង់ជាង៥០០ឆ្នាំកន្លងមក និងបាននាំមកនូវសម័យកាលដ៏រុងរឿងដូចពេលបច្ចុប្បន្ន ជា សម័យ តេជោសន្តិភាព។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវចង់ចាំថា ប្រទេសជាតិអាចរីកចម្រើន និងទទួលបានសុខសន្តិភាពដូចបច្ចុប្បន្នគឺយើងបានឆ្លងកាត់រឿងដ៏ជូចត់ច្រើនណាស់ និងមានការបូជាអាយុជីវិតវីរៈជនស្នេហាជាតិជាច្រើន ពិសេសគឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសពីបាតដៃទទេរ រហូតធ្វើឱ្យប្រទេសកម្ពុជាងើបស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ។

ជាមួយនិងការលើកឡើងនោះដែរ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីផ្តល់និងគាំពារដល់ប្រយោជន៍រួមជូនប្រជាពលរដ្ឋ ដោយការផ្តល់ជូននោះធ្វើឡើងតាមរយៈកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។

ទន្ទឹមនិងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំដល់យុវជនបក្សក្រុង ស្រុក និងមូលដ្ឋានទាំងអស់នៅទូទាំងខេត្តត្រូវបង្កើនការផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌរួមនៃយុទ្ធសាស្រ្តជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធដែលទទួលបានការគាំពារពីរាជរដ្ឋាភិបាល។ ហើយក្នុងនាមជាសមាជិកបក្សមូលដ្ឋានត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឱ្យបានញឹកញ៉ាប់បំផុត ដើម្បីក្តាប់ឱ្យបាននូវសំណើរ សំណូមពរ និងតម្រូវការដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ ហើយរាយការណ៍មកថ្នាក់ដឹកនាំក្រុង ស្រុកនិងខេត្តដើម្បីឱ្យថ្នាក់ដឹកនាំអាចមានលទ្ធភាពក្នុងការដោះស្រាយនិងឆ្លើយតបបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិវិញ គ្រាដែលបាននិងកំពុងរងការឈ្លានពានពីប្រទេសសៀម និងបន្តជឿជាក់លើវីរកងទ័ពយើងដែលបាននិងកំពុងឈរធ្វើជាកំផែងការពារបូរណភាពទឹកដី ហើយក្នុងនាមជាអ្នកនៅសមរភូមិក្រោយថ្វីត្បិតមិនបានកាន់អាវុធចូលរួមបាញ់ខ្មាំងឈ្លានពាន តែសូមចូលរួមសាមគ្គីភាពគ្នាជាធ្លុងមួយធ្វើជាភស្តុភាសម្រាប់ផ្គត់ផ្គង់ដល់វីរកងទ័ពសមរភូមិមុខនិងគ្រួសារកងទ័ព៕







