ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេងចុងក្រោយរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរបស់លោក និងត្រៀមប្រើប្រាស់រួចជាស្រេច។

លោក Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មីស៊ីល Oreshnik បានទៅដល់ប្រទេសបេឡារុសកាលពីថ្ងៃមុន។ លោកបានបង្ហាញកាលពីខែកញ្ញាថា រុស្ស៊ីបានចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធមីស៊ីលទៅកាន់ប្រទេសរបស់លោក។ មីស៊ីល Oreshnik ត្រូវបានគេនិយាយថា មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

រុស្ស៊ី និយាយថា មីស៊ីលនេះអាចរត់ក្នុងល្បឿនរហូតដល់ ១០ ម៉ាក និងរយៈចម្ងាយអតិបរមា៥.៥០០គីឡូម៉ែត្រ។
រុស្ស៊ី បានប្រើប្រាស់មីស៊ីលនេះជាលើកដំបូងកាលពីឆ្នាំមុន ដើម្បីវាយប្រហារទីក្រុង Dnipro នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ អ្នកសង្កេតការណ៍និយាយថា លោក Lukashenko ទំនងជាមានគោលបំណងឲ្យបណ្តាប្រទេសអឺរ៉ុបរក្សាតុល្យភាពជុំវិញបញ្ហាអ៊ុយក្រែន ដោយប្រកាសពីការដាក់ពង្រាយមីស៊ីលដែលអាចបាញ់ទៅដល់ប្រទេសទាំងនោះ។