មីយ៉ាន់ម៉ា៖ កាលពីថ្ងៃច័ន្ទ តុលាការទីក្រុងណៃពិដោបានពន្យាពេលសវនាការ សម្រាប់មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានឃុំខ្លួន ដោយសារតែការកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិត តាមទូរស័ព្ទដៃរបស់ប្រទេសនេះ បានធ្វើឲ្យដំណើរការបើកសវនាការតាមវីដេអូ មិនអាចធ្វើទៅបាន។

លោកស្រី Suu Kyi និងលោកប្រធានាធិបតី Win Myint ត្រូវបានឃុំខ្លួន ក្នុងអំឡុងការដណ្ដើមក្ដោបក្ដាប់អំណាចពីយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ហើយត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណី ដែលអ្នកគាំទ្ររបស់មេដឹកនាំទាំង២ ជឿថា ជាលេសនយោបាយដើម្បីឃុំខ្លួនអ្នកទាំង២។ រដ្ឋាភិបាលយោធា បានកាត់ផ្តាច់បណ្ដាញអ៊ីនធឺណិតកាលពីថ្ងៃច័ន្ទ ទំនងជាយុទ្ធវិធីមួយដើម្បីកុំឲ្យបែកធ្លាយរូបភាពនៃការតវ៉ា និងការបង្ក្រាបដោយហិង្សារបស់កងកម្លាំងសន្តិសុខ ទៅដល់ពិភពខាងក្រៅតាមរយៈការផ្សាយផ្ទាល់។ មេធាវីរបស់លោកស្រី Suu Kyi គឺលោក Khin Maung Zaw បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្ងៃនេះពុំមានការបើកសវនាការតាមវីដេអូ ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា មិនមានអ៊ីនធឺណិត។
តុលាការបានកំណត់កាលបរិច្ឆេទថ្មី នៅថ្ងៃទី២៤ ខែមីនាសម្រាប់សវនាការបន្ទាប់។ ទោះបីមានការប៉ុនប៉ង ដោយកងកម្លាំងបង្ក្រាបពីសំណាក់យោធា ក្នុងការបង្កើនការប្រឆាំងក្រុមអ្នកតវ៉ាក៏ដោយ ក៏ក្រុមបាតុករដែលទាមទារឲ្យដោះលែងលោកស្រី Aung San Suu Kyi បានចេញតវ៉ានៅតាមផ្លូវនានា ក្នុងទូទាំងសហភាពមីយ៉ាន់ម៉ាអស់រយៈពេល ៦សប្តាហ៍មកហើយ៕
អត្ថបទ៖ សុខមាន