ទីភ្នាក់ងារសារព័ត៌មាន Interfax របសរុស្ស៊ី បានរាយការណ៍ ដោយដកស្រង់សម្តីលោក Valery Gerasimov ប្រធាននាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) ថា ទីក្រុងមូស្គូ នឹងចាត់វិធានការឆ្លើយតបយ៉ាងសមស្រប ប្រសិនបើសហរដ្ឋអាមេរិក បន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ។

គួរឱ្យដឹងថា កាលពីចុងខែតុលា កន្លងទៅ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកបញ្ជាឱ្យយោធាអាមេរិក ចាប់ផ្តើមឡើងវិញជាបន្ទាន់នូវដំណើរការសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានផ្អាកអស់ ៣៣ឆ្នាំ នៅក្នុងជំហានមួយដែលហាក់ដូចជាសារព្រមានទៅកាន់មហាអំណាចនុយក្លេអ៊ែរចិន និងរុស្ស៊ី។
កាលពីដើមខែវិច្ឆិកា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានរួចមកហើយថា រុស្ស៊ី នឹង «ធ្វើសកម្មភាពឱ្យសមស្រប» ប្រសិនបើសហរដ្ឋអាមេរិក បន្តការសាកល្បងនុយក្លេអ៊ែរ ខណៈលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu ក៏បានប្រកាសពីការពិនិត្យឡើងវិញលើលទ្ធភាពនៃការសាកល្បងនុយក្លេអ៊ែរ។
យោងតាមក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ ចន្លោះពី ១ពាន់ ទៅ ២ពាន់គ្រាប់ គិតត្រឹមការវាយតម្លៃមិនសម្ងាត់ ចុងក្រោយបំផុតក្នុងឆ្នាំ២០២៣ ពោលគឺច្រើនជាងប្រហែល ២០០គ្រាប់ ដែលសហរដ្ឋអាមេរិកបានរក្សាទុកនៃអាវុធប្រភេទដូចគ្នានេះ៕

