ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ ធ្នូ) ថា ជនសង្ស័យក្នុងការបាញ់ប្រហារដ៏កក្រើកមួយនៅសកលវិទ្យាល័យ Brown នៅទីក្រុង Providence ក្នុងរដ្ឋ Rhode Island របស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន បានស្លាប់ហើយ ខណៈក្រុមអ្នកស៊ើបអង្កេតនិយាយថា ជនដៃដល់រូបនោះក៏បានសម្លាប់សាស្ត្រាចារ្យម្នាក់នៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Massachusetts រយៈពេល ២ថ្ងៃបន្ទាប់ពីការវាយប្រហារនៅសកលវិទ្យាល័យ Brown។

ក្រុមមន្ត្រីបន្តថា ខ្មាន់កាំភ្លើង ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិព័រទុយហ្គាល់ ឈ្មោះ Claudio Neves Valente ធ្លាប់បានសិក្សានៅសកលវិទ្យាល័យ Brown កាលពីជាង ២ទសវត្សរ៍មុន ប៉ុន្តែហេតុផលពីក្រោយការបាញ់ប្រហារដ៏ឃោរឃៅនេះ នៅតែជាអាថ៌កំបាំងនៅឡើយ។ គួររម្លឹកថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារក្នុងអគារសិក្សាមួយនៅសកលវិទ្យាល័យ Brown ពេលនិស្សិតកំពុងប្រឡងបញ្ចប់ការសិក្សា ដែលបណ្ដាលឱ្យនិស្សិត ២នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។
មន្រ្តីមេធាវីអាមេរិកប្រចាំទីក្រុងបូស្តុន បាននិយាយថា បុរសខ្មាន់កាំភ្លើង Valente ដែលបានស្លាប់នោះ មានវ័យ ៤៨ ឆ្នាំ ហើយរូបគេធ្លាប់ជានិស្សិតថ្នាក់បណ្ឌិត (Ph.D.) ផ្នែករូបវិទ្យា និងបានស្គាល់ច្បាស់ពីអគារដែលការបាញ់ប្រហារបានកើតឡើង។
លោក Oscar Perez ប្រធាននគរបាលក្រុង Providence និងលោក Peter Neronha ប្រធានមន្ទីរយុត្តិធម៌ប្រចាំរដ្ឋ Rhode Island បានថ្លែងរួម ក្នុងសន្និសីទសារព័ត៌មានមួយនៅយប់ថ្ងៃព្រហស្បតិ៍ថា ខ្មាន់កាំភ្លើង Valente បានសម្លាប់ខ្លួនឯងនៅឃ្លាំងជួលមួយយកន្លែងដែលសាកសពរបស់គេត្រូវបានរកឃើញ ហើយអ្នកស៊ើបអង្កេតជឿថា ជននេះបានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ៕


