ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំមកពីប្រទេសអាស៊ីកណ្តាលចំនួន ៥ ដោយរៀបចំកិច្ចប្រជុំកំពូលលើកដំបូង ជាកម្រិតខ្ពស់បំផុត ខណៈដែលតំបន់សម្បូរធនធានមួយនេះ ទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ពីបណ្ដាប្រទេសមហាអំណាចពិភពលោក។
លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi នឹងស្វាគមន៍មន្ត្រីជាន់ខ្ពស់មកពីប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន សម្រាប់កិច្ចប្រជុំរយៈពេល ២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៩ ខែធ្នូនេះ។

កាលវិភាគ រួមមានការទទួលស្វាគមន៍ជាផ្លូវការ វេទិកាធុរកិច្ច និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំជាបន្តបន្ទាប់ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់ប្រទេសជប៉ុន កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ដើម្បីលើកកម្ពស់វត្តមានរបស់ខ្លួន នៅក្នុងតំបន់ដែលគ្របដណ្តប់ដោយឥទ្ធិពលរបស់មហាអំណាចពិភពលោកដទៃទៀត។
កាលពីឆ្នាំមុន សហភាពអឺរ៉ុប (EU) បានរៀបចំកិច្ចប្រជុំកំពូលអាស៊ីកណ្តាលលើកដំបូងរបស់ខ្លួន នៅអ៊ូសបេគីស្ថាន ក្នុងខែមេសា មេដឹកនាំចិន លោក Xi Jinping បានទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន ក្នុងខែមិថុនា ដើម្បីជំរុញការវិនិយោគខ្សែក្រវាត់ និងផ្លូវ លោក Vladimir Putin របស់រុស្ស៊ី បានចូលរួមកិច្ចប្រជុំកំពូល នៅតាជីគីស្ថាន ក្នុងខែតុលា ហើយលោកប្រធានាធិបតីអាមេរិក Donald Trump ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដំបូងជាមួយមេដឹកនាំអាស៊ីកណ្តាល ក្នុងខែវិច្ឆិកា។
កិច្ចប្រជុំទាំងនេះ បានបង្កើតកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដោយបានបង្ហាញពីរបៀប ដែលតំបន់នេះ ពោលគឺជាតំបន់ដែលត្រូវបានគេមើលឃើញថា ស្ថិតក្រោមឥទ្ធិពលទីក្រុងមូស្គូយូរមកហើយនោះ កំពុងទាក់ទាញមូលធនថ្មី និងការយកចិត្តទុកដាក់ខាងការទូតពីបណ្ដាប្រទេសមានឥទ្ធិពលធំៗទូទាំងពិភពលោក៕
