យ៉ាងហោចណាស់ជនស៊ីវិលស៊ូដង់ ១៦នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងអំឡុងពេលមានការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័ស (RSF) នៅរដ្ឋ South Kordofan។ នេះបើយោងតាមក្រុមគ្រូពេទ្យ ក្នុងតំបន់ ដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ)។
បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ ស្ត្រី និងមនុស្សចាស់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងអស់នោះ បន្ទាប់ពីក្រុម RSF និងសម្ព័ន្ធ SPLM-N (Sudan People's Liberation Movement-North) បានបាញ់ផ្លោងទៅលើទីក្រុង Dilling ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ។

Nuba Mountains Platform ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ជនស៊ីវិល ៩នាក់ រួមមានកុមារ ៣នាក់ផង ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅពេលក្រុម RSF និង SPLM-N បានវាយប្រហារលើតំបន់លំនៅឋានរបស់ទីក្រុង Dilling។
អង្គការនេះបានបន្ថែមថា កងកម្លាំងទាហានស៊ូដង់ ក្រោយមកបានវាយប្រហារតំបន់ Taital នៅរដ្ឋ South Kordofan ដែលមានការបាញ់កាំភ្លើងធំ ហើយអាចគ្រប់គ្រងតំបន់នេះបាន។ ទាំងកងទ័ពស៊ូដង់ និងក្រុម SPLM-N ឬសម្ព័ន្ធមិត្ត RSF របស់ក្រុមនេះ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ពាក់ព័ន្ធនឹងរបាយការណ៍នេះ។
គួរបញ្ជាក់ថា ទីក្រុង Kadugli និង Dilling នៅរដ្ឋ South Kordofan បានស្ថិតនៅក្រោមការឡោមព័ទ្ធដោយ RSF និងក្រុម SPLM-N ចាប់តាំងពីប៉ុន្មានខែដំបូងនៃសង្គ្រាមជាង ២ឆ្នាំកន្លងទៅ ហើយត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយកាំភ្លើងធំ និងយានដ្រូន៕

