យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ការចាប់ខ្លួន ដោយសារបទល្មើសទាក់ទងនឹងអំពើភេរវកម្ម នៅចក្រភពអង់គ្លេស បានកើនឡើងច្រើនជាង ៦ដង ក្នុងឆ្នាំកន្លងទៅ ដែលជំរុញភាគច្រើនដោយការហាមឃាត់លើចលនាតវ៉ាពាក់ព័ន្ធនឹងប៉ាឡេស្ទីន (Palestine Action)។
ទិន្នន័យបង្ហាញថា មនុស្ស ១.៨៨៦នាក់ ត្រូវបានចាប់ខ្លួន ដោយសារមានសកម្មភាពទាក់ទងនឹងភេរវកម្ម រយៈពេល ១២ខែ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដោយធៀបនឹង ២៤៨នាក់ កាលពីឆ្នាំមុន កើនឡើងប្រហែល ៦៦០ភាគរយ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន មាន ១.៦៣០នាក់ ឬ ៨៦ភាគរយ ត្រូវបានភ្ជាប់ទៅនឹងយុទ្ធនាការ Palestine Action ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីជាអង្គការភេរវករដែលត្រូវបានហាមឃាត់របស់ចក្រភពអង់គ្លេស កាលពីខែកក្កដា។ សហស្ថាបនិកក្រុមនេះ លោកស្រី Huda Ammori កំពុងដំណើរការផ្លូវច្បាប់ប្រឆាំងនឹងការិយាល័យក្រសួងមហាផ្ទៃ ជុំវិញការសម្រេចនេះ។
នៅក្រោមបម្រាមនេះ សមាជិកភាព ឬការគាំទ្រ ចំពោះយុទ្ធនាការ Palestine Action គឺជាបទល្មើសព្រហ្មទណ្ឌដែលអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ។ ការស្លៀកសម្លៀកបំពាក់ ឬកាន់សញ្ញា បង្ហាញឈ្មោះក្រុមនេះ អាចនឹងត្រូវជាប់ទោសយូរបំផុត ៦ខែ។
តួលេខបង្ហាញថា ការចាប់ខ្លួនចំនួន ១.៧០៦ករណី បានកើតឡើងក្នុងរយៈពេល ៣ខែ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលការហាមឃាត់នេះចូលជាធរមាន។ កម្រិតនេះតំណាងឲ្យការកើនឡើង ២.៦០៨ភាគរយ បើធៀបនឹងត្រីមាសមុន ពីខែមេសា ដល់ខែមិថុនា នៅពេលដែលការចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើភេរវកម្ម មានចំនួន ៦៣ករណី។ នៅក្នុងត្រីមាសចុងក្រោយបង្អស់ ការចាប់ខ្លួន ១.៦៣០នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគាំទ្រយុទ្ធនាការ Palestine Action៕


