រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទទួលយកជនជាតិអាហ្វហ្គានីស្ថានចំនួន ៥៣៥ នាក់ដែលត្រូវបានសន្យាផ្តល់ឲ្យនូវទីជម្រកនៅក្នុងប្រទេសនេះ ប៉ុន្តែបានជាប់គាំងនៅក្នុងប្រទេសប៉ាគីស្ថាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Alexander Dobrindt បានប្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយ RND ថា ទីក្រុងប៊ែរឡាំង ចង់បញ្ចប់ដំណើរការនៃសំណុំរឿងនេះ«នៅក្នុងខែធ្នូ តាមដែលអាចធ្វើទៅបាន» ដើម្បីអនុញ្ញាតឲ្យពួកគេចូលទៅក្នុងប្រទេសអាល្លឺម៉ង់។

ជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានទទួលយក ក្រោមគម្រោងជនភៀសខ្លួនដែលបង្កើតឡើងដោយរដ្ឋាភិបាលអាល្លឺម៉ង់មុន ប៉ុន្តែបានជាប់គាំងនៅក្នុងប្រទេសប៉ាគីស្ថាន ចាប់តាំងពីអធិការបតីអភិរក្សនិយម លោក Friedrich Merz បានឡើងកាន់តំណែង ក្នុងខែឧសភា ហើយបានបង្កកកម្មវិធីនេះ។
អ្នកដែលចូលរួមក្នុងគម្រោងនេះ ទាំងបានធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលសង្គ្រាមប្រឆាំងនឹងក្រុមតាលីបង់ ឬត្រូវបានវិនិច្ឆ័យថា មានហានិភ័យពិសេសពីក្រុមតាលីបង់ បន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ ២០២១ ជាឧទាហរណ៍ មានសកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។
ប្រទេសប៉ាគីស្ថានបានកំណត់ថ្ងៃផុតកំណត់សម្រាប់ចុងឆ្នាំនេះសម្រាប់សំណុំរឿងរបស់ជនជាតិអាហ្វហ្គានីស្ថាន ត្រូវបានដោះស្រាយ បន្ទាប់ពីនោះពួកគេនឹងត្រូវនិរទេសត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ៕
