នគរបាលអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់ខ្លួន បាននិយាយនៅថ្ងៃសុក្រនេះថា អ៊ីស្រាអែលបានចោទប្រកាន់ពលរដ្ឋរុស្ស៊ីម្នាក់ពីបទចារកម្មឲ្យអ៊ីរ៉ង់ រួមទាំងការថតរូបកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ អ៊ីស្រាអែល ក្រោមការដឹកនាំរបស់ទីភ្នាក់ងារចារកម្មអ៊ីរ៉ង់។
នគរបាលនិងទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា បន្ទាប់មក បុគ្គលរុស្ស៊ីរូបនេះ ត្រូវបានបង់ប្រាក់ជារូបិយប័ណ្ណឌីជីថល។

សង្គ្រាមស្រមោលរយៈពេលជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានកើនឡើងដល់សង្គ្រាមដោយផ្ទាល់ នៅក្នុងខែមិថុនា នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារគោលដៅផ្សេងៗ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងតាមរយៈប្រតិបត្តិការដែលពឹងផ្អែកលើកងកម្លាំងកុម្ម៉ង់ដូ Mossad ដែលកំពុងត្រូវបានដាក់ពង្រាយយ៉ាងជ្រៅ នៅក្នុងប្រទេសនេះ។
អ៊ីស្រាអែលបានចាប់ខ្លួនពលរដ្ឋរាប់សិបនាក់ដែលត្រូវបានចោទប្រកាន់ថា បានចារកម្មឲ្យអ៊ីរ៉ង់ ដែលប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតរបស់ទីក្រុងតេអេរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីលួចជ្រៀតចូលទឹកដីរបស់គូប្រជែងដ៏សំខាន់របស់ខ្លួន។
ការចាប់ខ្លួននេះ បានកើតឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតដោយភ្នាក់ងារចារកម្មអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីជ្រើសរើសជនជាតិអ៊ីស្រាអែលធម្មតា ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងអនុវត្តការវាយប្រហារជាថ្នូរនឹងប្រាក់៕
