កញ្ចប់ថវិកាឆ្នាំ២០២៦ របស់ប្រទេសបារាំង ប្រឈមនឹងពេលវេលាដ៏សំខាន់ នៅថ្ងៃសុក្រ (ទី១៩ ខែធ្នូ) នេះ ខណៈដែលសមាជិកសភាប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ចៀសភាពជាប់គាំងសារពើពន្ធ នៅក្នុងកិច្ចពិភាក្សាដំណាក់កាលចុងក្រោយ ក្នុងគោលបំណងឲ្យឈានដល់ការព្រមព្រៀងលើសេចក្ដីស្នើច្បាប់ទទួលយកបានពីគ្រប់ភាគី។
គណៈកម្មាធិការរួមមកពីរដ្ឋសភា និងព្រឹទ្ធសភា នឹងជួបប្រជុំ ដើម្បីចេញអត្ថបទថវិកាចុងក្រោយ ដែលបន្ទាប់មកនឹងត្រូវដាក់ឲ្យបោះឆ្នោត នៅសភាទាំង២ នាថ្ងៃអង្គារសប្ដាហ៍ក្រោយ។ លទ្ធផលមិនជោគជ័យ នឹងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី Sebastien Lecornu ស្វែងរកច្បាប់គ្រាអាសន្ន ដើម្បីអាចឲ្យមានការចំណាយ ការប្រមូលពន្ធ និងការខ្ចីប្រាក់ ក្នុងឆ្នាំថ្មី រហូតដល់កញ្ចប់ថវិកាសមស្រប អាចត្រូវបានអនុម័ត។
តែទេសាភិបាលធនាគារកណ្តាលរបស់បារាំង លោក Francois Villeroy de Galhau បាននិយាយនៅថ្ងៃសុក្រនេះថា ច្បាប់បែបនេះនឹងផ្តល់ដំណោះស្រាយរយៈពេលខ្លីតែប៉ុណ្ណោះ។ លោក Villeroy បានប្រាប់វិទ្យុ France Inter ថា៖ «ច្បាប់គ្រាអាសន្នមិនបានផ្ដល់នូវជម្រើសណាមួយឡើយ។ ប៉ុន្តែយើងត្រូវការចំណាយជាច្រើនបន្ថែមទៀត ជាឧទាហរណ៍ លើវិស័យការពារជាតិជាដើម»។
ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា ច្បាប់ពិសេសមួយ ក៏នឹងនាំឲ្យមានឱនភាព លើសពីអ្វីដែលត្រូវការ ព្រោះវាមិនរាប់បញ្ចូលវិធានការកាត់បន្ថយការចំណាយណាមួយ ហើយក៏មិនរួមបញ្ចូលវិធានការពន្ធណាមួយនោះដែរ»។
ព្រឹទ្ធសភាបានអនុម័តច្បាប់ថវិកាឆ្នាំ២០២៦ កាលពីថ្ងៃចន្ទ ដោយមានឱនភាពសារពើពន្ធ ៥,៣ភាគរយ បន្ទាប់ពីក្រុមអភិរក្សបានរារាំងការដំឡើងពន្ធ ដើម្បីទូទាត់ការខ្វះខាតថវិកាច្រើនជាងការគ្រោងទុក នៅក្នុងថវិកាសន្តិសុខសង្គមដែលសភាជាន់ទាបបានផ្ដល់ការអនុម័ត៕
