សហភាពអឺរ៉ុប(EU) បានពន្យាពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ជាមួយបណ្តាប្រទេសអាមេរិកខាងត្បូង ស្របពេលបាតុកម្មរបស់ប្រជាកសិករ EU ហើយការជំទាស់នាទីចុងក្រោយដោយបារាំង និងអ៊ីតាលី គំរាមកំហែងធ្វើឲ្យអន្តរាយដល់កិច្ចព្រមព្រៀងមួយនេះ ។
លោក Paula Pinho គឺជាអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបញ្ជាក់កាលពីព្រហស្បតិ៍ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU និងប្លុក Mercosur របស់អាមេរិកខាងត្បូង នឹងពន្យាពេលរហូតដល់ខែមករា ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលនៅថ្ងៃសៅរ៍ស្អែក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប៉ុន្តែលោកស្រីត្រូវការការគំាទ្រសំឡេងភាគច្រើនពីរដ្ឋសមាជិក EU ទើបអាចចុះហត្ថលេខាបាន ។
សារព័ត៌មាន AP រាយការណ៍ថា កិច្ចព្រមព្រៀងពន្យាពេល ត្រូវបានឈានដល់រវាងលោកស្រី von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ដែលបាននិយាយនៅកិច្ចប្រជុំ EUកាលពីថ្ងៃព្រហស្បតិ៍ លើលក្ខខណ្ឌដែលអ៊ីតាលនឹងបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនៅខែមករា ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានច្រានចោលកិច្ចព្រមព្រៀងនេះផងដែរ ពេលដែលលោកធ្វើដំណើរមកដល់កិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងព្រុចសែល ដោយរូបលោកអំពាវនាវឲ្យមានកិច្ចប្រជុំ និងកិច្ចពិភាក្សាបន្ថែមទៀត នៅខែមករា ៕
