ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) បាននិយាយថា ប្រទេសរបស់លោក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល Oreshnik របស់រុស្សី ហើយ «ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការប្រយុទ្ធ»។
អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិ នៅឯសន្និបាតប្រជាជនបេឡារុសគ្រប់លំដាប់ថ្នាក់លើកទី៧ នៅទីក្រុង Minsk ដែលត្រូវបានផ្សាយបន្តផ្ទាល់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta លោក Lukashenko បានប្រកាសថា៖ «ទីតាំងយោធាឈរទី១ ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Oreshnik។ វាត្រូវបានដាក់ពង្រាយ កាលពីម្សិលមិញ (ថ្ងៃពុធ) ហើយឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការប្រយុទ្ធ»។

ការកត់សម្គាល់នេះកើតឡើងក្នុងរយៈពេលជាង ១ខែបន្ទាប់ពី Lukashenko បាននិយាយថា ប្រព័ន្ធមីស៊ីលផលិតដោយរុស្ស៊ី នឹងត្រូវបានដាក់ឲ្យប្រុងជើងការប្រយុទ្ធ កាលពីខែធ្នូ ដោយបង្ហាញថា ការដាក់ពង្រាយរបស់ខ្លួន គឺចង់បង្ហាញសញ្ញាថា ទីក្រុង Minsk «អាចវាយប្រហារបាន ប្រសិនបើស្ថានការណ៍កាន់តែតានតឹង»។
នៅមុននេះ ក្នុងពិធីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសបេឡារុស ក្នុងខែកក្កដា លោកបានលើកឡើងថា រូបលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមថា ប្រព័ន្ធនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ។
Oreshnik ត្រូវបានប្រើប្រាស់ជាលើកដំបូង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែលទីក្រុងមូស្គូបានប្រាប់ថា មីស៊ីលនេះបានវាយប្រហាររោងចក្រមួយ នៅក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធចម្ងាយឆ្ងាយដែលផ្តល់ដោយលោកខាងលិចរបស់ទីក្រុងគីវ វាយចូលដែនដីរុស្ស៊ី៕
