នគរបាលអេស្ប៉ាញ បានរុករកនៅមន្ទីរពិសោធន៍ផ្តល់មូលនិធិដោយរដ្ឋនៅជិតទីក្រុង Barcelona ដែលជាផ្នែកមួយនៃការស៊ើបអង្កេតចំពោះប្រភពដើមនៃការរីករាលដាលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតំបន់នេះ ។
ចំណាត់ការបញ្ជាដោយតុលាការនេះ បានធ្វើឡើង បន្ទាប់ពីក្តីកង្វល់កើនឡើងក្នុងខែនេះថា ការរីករាលដាលឆ្លងជំងឺប៉េស្តជ្រូក បានរកឃើញលើសត្វជ្រូកព្រៃដែលអាចបណ្តាលមកពីការលេចធ្លាយពីមន្ទីរពិសោធន៍ ។

ជំងឺប៉េស្តជ្រូកអាហ្វ្រិក គ្មានផលប៉ះពាល់ចំពោះមនុស្សនោះទេ ប៉ុន្តែវាអាចបណ្តាលឲ្យជ្រូក និងជ្រូកព្រៃងាប់ ហើយនិងរីករាលដាលយ៉ាងឆាប់រហ័ស ។
អេស្ប៉ាញ គឺជាប្រទេសផលិតសាច់ជ្រូកធំបំផុតរបស់សហភាពអឺរ៉ុប ស្មើនឹងប្រហែល ១ភាគ ៤នៃទិន្នផលសរុបនៅក្នុងប្លុកមួយនេះ ហើយការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក បានគំរាមកំហែងដល់ការនាំចេញ បង្ខំឲ្យក្រុមអាជ្ញាធរ ធ្វើការរឹតត្បិតការធ្វើដំណើរ និងបង្កើនកិច្ចខិតខំដើម្បីធានាដល់ប្រទេសដៃគូនសេដ្ឋកិច្ច ។
នគរបាលនិយាយថា ការរុករកនៅមន្ទីរស្រាវជ្រាវសុខភាពសត្វ(Cresa) ត្រូវបានបញ្ជាដោយចៅក្រមស៊ើបអង្កេតក្នុងស្រុក និងជាផ្នែកមួយនៃដំណើរការបឋមដែលត្រូវបានប្រកាសដោយសម្ងាត់ ។
មន្ទីរ Cresa ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយ ប៉ុន្តែពួកគេនិយាយប្រាប់គេហទំព័រ Maldita.es ថា ពួកគេពុំបានរកឃើញភ័ស្តុតាងដែលជាប្រភពនៃការរីករាលដាលឆ្លងនោះទេ ៕
