ក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា បានចាប់ផ្តើមដកទ័ពចេញពីទីក្រុងភាគខាងកើត Uvira របស់កុងហ្គោ នៅក្នុងកិច្ចខិតខំមួយ ដើម្បីគាំទ្រដំណើរការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ។
កាលពីថ្ងៃព្រហស្បតិ៍ ទាហានរបស់ក្រុមឧទ្ទាម M23មួយចំនួន ត្រូវបានគេមើលឃើញចាកចេញ តាមរថយន្តធំ ខណៈអគាររដ្ឋបាលដែលពួកគេកាន់កាប់ ត្រូវបានបោះបង់ដោយគ្មានអ្នកគ្រប់គ្រង ហើយពលរដ្ឋ មានការព្រួយបារម្ភថាតើអ្នកណាជាអ្នកផ្តល់សន្តិសុខដល់ពួកគេ ។
ប្រជាពលរដ្ឋនាំគ្នាបង្ហាញក្តីបារម្ភចំពោះកង្វះខាតវត្តមានរបស់កងកម្លាំងរដ្ឋាភិបាល ហើយនិងអំពាវនាវឲ្យក្រុមអាជ្ញាធរ បង្កើតការគ្រប់គ្រងរបស់ពួកគេ ។
លោក Moustapha Ramazani គឺជាអ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុង Uvira និយាយថា សំណើសំខាន់របស់ពួកយើង គឺពលរដ្ឋមិនអាចគ្រប់គ្រងទីនេះបានទេ ។ មាននូវអចលនទ្រព្យរបស់រដ្ឋជាច្រើន ដែលត្រូវការការពារដោយរដ្ឋ ហើយពួកយើងជាជនស៊ីវិល មានសិទ្ធិទទួលបានការការពារពីរដ្ឋផងដែរ ។

បើទោះបីជាមានការចាកចេញរបស់ក្រុមឧទ្ទាម M23ក៏ដោយ ប្រជាពលរដ្ឋមួយចំនួន បង្ហាញការខកចិត្តជាខ្លាំងចំពោះការបំពានចោទប្រកាន់ ប្រព្រឹត្តឡើងដោយយុទ្ធជនជីវពល Wazalendo ដែលជាក្រុមប្រដាប់អាវុធគាំទ្ររដ្ឋាភិបាលកុងហ្គោ ។
លោក Jacques Muhumuza ដែលជាពលរដ្ឋម្នាក់ទៀត និយាយថា ក្រុមជីវពល Wazalendo បានប្រព្រឹត្តការរំលោភបំពាន និងការយាយីច្រើនណាស់ដែលមិនអាចពន្យល់បាន ។ ថ្ងៃនេះ ពួកយើងសុំឲ្យក្រុមឧទ្ទាម M23 ដកទ័ព នេះគឺជារឿងគួរភ្ញាក់ផ្អើលខ្លាំង ៕
