អាជ្ញាធរអាកាសយានដ្ឋានរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) បានលុបចោល ឬពន្យារពេលជើងហោះហើររាប់សិបជើង ហើយផ្លូវថ្នល់ជាច្រើនខ្សែក្នុងទីក្រុងធំៗ ត្រូវបានជន់លិច ខណៈដែលព្យុះភ្លៀងខ្លាំងបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនខែ បានបោកបក់លើប្រទេសវាលខ្សាច់មួយនេះ នៅថ្ងៃសុក្រ (ទី១៩ ខែធ្នូ) នេះ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ទីក្រុងឌូបៃ បានលុបជើងហោះហើរចំនួន ១៣ជើង ហើយមានការពន្យារពេល និងការលុបចោលផងដែរ នៅអាកាសយានដ្ឋាន Sharjah ដែលនៅជិតខាង បន្ទាប់ពីមានភ្លៀងធ្លាក់ពេញមួយយប់ ដែលបានធ្វើឲ្យអ្នកស្រុកសម្រាកមិនបានជាមួយនឹងសំឡេងដ៏ខ្លាំងរបស់ផ្គររន្ទះ។

ផ្លូវសំខាន់ៗរបស់ទីក្រុង Sharjah ត្រូវបានជន់លិចទាំងស្រុង នាព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ ដោយឃើញមានអ្នកស្រុកឃើញដើរកាត់ទឹកដោយជើងទទេរ។ ទឹកជំនន់នេះបានធ្វើឲ្យនឹកឃើញឡើងវិញនូវទិដ្ឋភាពខែមេសា ឆ្នាំ២០២៤ នៅពេលដែលភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់គ្រប់ទីកន្លែង និងបានបង្ខំឲ្យមានការលុបចោលជើងហោះហើរជាង ២.០០០ជើង នៅមជ្ឈមណ្ឌលអាកាសអន្តរជាតិដ៏សំខាន់របស់ទីក្រុង Dubai។
កាលពីថ្ងៃទី១៨ ខែធ្នូ នគរបាលទីក្រុង Dubai បានជំរុញអ្នកស្រុកស្នាក់នៅតែក្នុងផ្ទះ ប្រសិនបើមិនមានកិច្ចការ «ចាំបាច់» នៅពេលដែលព្យុះភ្លៀងបានបោកបក់ជិតដល់។ នាព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូនេះ រថយន្តបូមទឹក ត្រូវបានគេឃើញ នៅជុំវិញទីក្រុង Dubai ដែលកំពុងសម្អាតផ្លូវថ្នល់ និងភក់ធំៗ នៅតាមដងផ្លូវនានា។
គេហទំព័រអាកាសយានដ្ឋានទីក្រុង Dubai បានបង្ហាញថា ជើងហោះហើររាប់សិបជើង ត្រូវបានពន្យារពេលនៅថ្ងៃទី១៩ ខែធ្នូនេះ ហើយខ្លះត្រូវបានលុបចោលតែម្ដង៕


