ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែធ្នូ) បានបញ្ជាក់ថា លោកកំពុងទុកលទ្ធភាពអាចមានសង្រ្គាមជាមួយវ៉េណេស៊ុយអេឡានៅលើតុពិភាក្សាដដែល។
តាមរយៈបទសម្ភាសន៍តាមទូរសព្ទជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News លោក Trump បានបញ្ជាក់ប្រាប់ថា៖ «ខ្ញុំមិនច្រានចោលវា (ការមានសង្គ្រាម) ឡើយ»។

កាលពីថ្ងៃអង្គារ លោក Trump បានបញ្ជាឲ្យ «បិទខ្ទប់» នាវាដឹកប្រេងជាប់ទណ្ឌកម្មដែលចេញ-ចូលវ៉េណេស៊ុយអេឡា ដោយបង្កើនសម្ពាធលើប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Nicolas Maduro។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងមួយគ្រឿង ដែលចាប់បាននៅជិតក្បែរវ៉េណេហ្ស៊ុយអេឡាផងដែរ។
យុទ្ធនាការរបស់រដ្ឋបាលលោក Trump បានធ្វើឲ្យមានការវាយប្រហារលើទូកចំនួន ២៨លើករួចហើយ ដែលបានសម្លាប់មនុស្សជាង ១០០នាក់ ក្នុងនោះរួមទាំងការវាយប្រហារ «ផ្ទួនលើកទី២» ជាចំណាត់ការដែលប្រឈមនឹងការត្រួតពិនិត្យពីសភា។
នៅក្នុងបទសម្ភាសន៍តាមទូរសព្ទរបស់លោក នៅពេលដែលលោកត្រូវបានសួរថា តើលោកច្រានចោលនូវលទ្ធភាព ដែលថា សកម្មភាពបែបនេះ អាចនាំទៅដល់ការផ្ទុះសង្គ្រាមដែរ ឬអត់នោះ ដំបូងឡើយ លោក Trump បានប្រាប់ថា៖ «ខ្ញុំមិនពិភាក្សាអំពីវាទេ»។
ប៉ុន្តែនៅពេលរូបលោកត្រូវបានសួរដដែលៗ លោកក៏បានបញ្ជាក់ថា លទ្ធភាពគឺអាចកើតមាន ហើយបានសង្កត់ធ្ងន់ថា នឹងមានការរឹបអូសនាវាដឹកប្រេងបន្ថែមទៀត។ ដោយត្រូវបានសួរអំពីការកំណត់ពេលវេលានោះ លោក Trump បានឆ្លើយថា៖ «វាអាស្រ័យលើសកម្មភាព។ ប្រសិនបើនាវាទាំងនោះចចេសធ្វើដំណើរមកនោះ ពួកគេនឹងត្រូវបាននាំយកទៅកំពង់ផែណាមួយរបស់យើងវិញ នៅពេលស្ទាក់ចាប់បាន»៕

