ភ្នំពេញ៖ កម្ពុជា បានចាប់ផ្ដើមការធ្វើជំរឿនសេដ្ឋកិច្ចដោយចាប់ផ្ដើមពី ថ្ងៃទី១ខែមីនា ដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ការធ្វើជំរឿនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២នេះ គឺជាលើកទី ២ ដែលកម្ពុជារៀបចំឡើង ហើយក៏ជាជំរឿនដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងផែនការ បានចាប់ផ្ដើម ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ខាងមុខ សម្រាប់ការចុះសម្ភាសន៍ប្រមូលទិន្នន័យពីអង្គភាពសេដ្ឋកិច្ចទាំងអស់ទូទាំងប្រទេស។
សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្ដង ដូចជាជំរឿនប្រជាជនផងដែរ គ្រាន់តែក្រុមគោលដៅត្រូវសម្ភាសន៍ផ្សេងពីគ្នា។ ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ ជាលើកទី ២ ដែលបានធ្វើឡើង។
នៅថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ មានប្រសាសន៍ថា ការងារជំរឿនសេដ្ឋកិច្ចនេះ ជាកិច្ចការសំខាន់ ដើម្បីដឹងពីកំណើនសេដ្ឋកិច្ចពិតប្រាកដ ហើយលទ្ធផលដែលទទួលបានគឺមានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលរៀបចំគោលនយោបាយ។
ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ តាមការប៉ាន់ប្រមាណ គឺមានទីតាំងត្រូវចុះសម្ភាសន៍ចំនួន ជាង ៧៤ម៉ឺនទីតាំង។ សម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺសម្ភាសន៍ម្ចាស់អាជីវកម្ម សហគ្រាសធ្វើសកម្មភាពផលិតកម្ម និងសេវាកម្មទូទាំងប្រទេស ស្ថិតក្នុងវិស័យផ្នែកអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័នផលិតទឹកស្អាតអនាម័យ និងសេវាកម្មដទៃទៀតដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដារអន្តរជាតិ នៃវិស័យសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ គឹមហុក