ប្រេសិតប្រចាំតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក Steve Witkoff នឹងរៀបចំកិច្ចប្រជុំមួយនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ជាមួយក្រុមមន្រ្តីមកពីកាតា អេហ្ស៊ីប និងទួរគី ស្របពេលមានកិច្ចខិតខំបន្ត ដើម្បីពន្លឿនដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ហ្កាហ្សា បើទោះបីជាអ៊ីស្រាអែលបានបំពានបទឈប់បាញ់ម្តងហើយម្តងទៀតក៏ដោយ ។
មន្រ្តីសេតវិមានមួយរូបនិយាយប្រាប់កាសែតអារ៉ាប់ Al Jazeera នៅថ្ងៃសុក្រនេះថា លោក Witkoff នឹងជួបជាមួយក្រុមតំណាងមកពីប្រទេសទាំង ៣ ដើម្បីពិភាក្សាលើអនាគតនៃកិច្ចព្រមព្រៀង ដោយមានគោលបំណងបញ្ឈប់សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅហ្កាហ្សា ។

កាសែត Axios បានរាយការណ៍ដាច់ដោយឡែកថា ជំនួបដែលកំណត់ធ្វើឡើងនៅថ្ងៃសុក្រនេះ នឹងរួមមាននាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman bin Jassim Al Thani រដ្ឋមន្រ្តីការបរទេសទួរគីលោក Hakan Fidan និងរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Badr Abdelatty ។
ក្នុងពេលតែមួយនេះដែរ ទូរទស្សន៍រដ្ឋអ៊ីស្រាអែល រាយការណ៍ដកស្រង់សម្តីមន្រ្តីអ៊ីស្រាអែលថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងធ្វើការពិគ្រោះយោបល់សន្តិសុខដ៏តឹងរឹង ដើម្បីពិនិត្យមើលដំណាក់កាលទី ២នៃបទឈប់បាញ់ និងសេណារីយ៉ូសំខាន់ៗជាច្រើនទៀត ៕
