ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ (ទី១៩ ខែធ្នូ) បានព្រមានអំពីការមានហានិភ័យ សម្រាប់ទុនបម្រុងអន្តរជាតិ ដែលកាន់កាប់ដោយបណ្ដាប្រទេសផលិតប្រេងធំៗរបស់ពិភពលោក នៅក្នុងសហភាពអឺរ៉ុប (EU) បន្ទាប់ពីមានការពិភាក្សាដោយបណ្ដាមេដឹកនាំរបស់ EU អំពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។
ការលើកឡើងរបស់លោក Putin នេះ គឺសំដៅទៅលើប្រទេសដែលមានទុនបម្រុងធំជាងគេមួយចំនួនរបស់ពិភពលោក ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ក៏ដូចជាបណ្ដាប្រទេសរបស់អង្គការ OPEC ផ្សេងទៀត។

នៅថ្ងៃសុក្រនេះ មេដឹកនាំ EU បានសម្រេចខ្ចីសាច់ប្រាក់ ដើម្បីផ្ដល់ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ (១០៥ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់ការការពាររបស់ប្រទេសនេះ ប្រឆាំងនឹងរុស្ស៊ី សម្រាប់រយៈពេល ២ឆ្នាំខាងមុខ ជាជាងប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។
លោក Putin បាននិយាយថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលលោកហៅថា ជា «ការប្លន់» ត្រូវតែលុបចោល ព្រោះវានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ចំពោះរដ្ឋជាសមាជិក EU។
មេដឹកនាំរុស្ស៊ី បានសង្កត់ធ្ងន់ថា៖ «នេះមិនមែនគ្រាន់តែជាការបំផ្លិចបំផ្លាញដល់មុខមាត់របស់ប្លុកនោះទេ វាក៏ជាការធ្វើឲ្យខូចទំនុកចិត្ត នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូផងដែរ។ ការពិតនោះ គឺថា ប្រទេសជាច្រើន រក្សាទុកមាស និងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ពួកគេ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដោយមិនមែនតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺបណ្ដាប្រទេសផលិតប្រេងធំៗ»៕
